ខេត្តកំពង់ឆ្នាំងធ្វើម្ចាស់ផ្ទះបុណ្យទន្លេលើកទី៥ នៅឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រសួងទេសចរណ៍បានត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៥នៅខេត្តកំពង់ឆ្នាំងដែលមានរយៈពេល ០៣ថ្ងៃ ក្នងកំឡងខែមីនា ឆ្នាំ២០១៩ ខាងមុខ នេះ។

ពិធីបុណ្យទន្លេលើកទី៥នៅខេត្តកំពង់ឆ្នាំងនេះគឺមានព្រឹត្តិការណ៍ និងសកម្មភាពកីឡា ទេសចរណ៍វប្បធម៌ជាច្រើនដូចជា ការប្រកួតកីឡាលើទឹក លើគោក ពិធីដាំដើមឈើ ការរៀបចំសិក្ខាសាលា ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការប្រគុំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន។

តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ រវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានបង្ហាញថាការរៀបចំពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ខាងមុខនេះគឺជាឱកាសដ៏ប្រសើរបំផុតក្នុងការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវក្នុងការអភិវឌ្ឍទឹកដី ហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្ត ការលើកកម្ពស់ការយល់ដឹងជាសាធារណៈពីការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ វប្បធម៌ ទេសចរណ៍ ការចូលរួមសំអាតទីក្រុង ទីប្រជុំជន និងផ្ទះស្នាក់ប្រកបដោយភាពស្អាត ភាពបៃតង ភាពញញឹមរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចល្អ ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ពិសេស ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់ខេត្ត បង្កើតមុខរបរ ប្រាក់ចំណូល និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ជាងនេះទៀត ខេត្តកំពង់ឆ្នាំងនឹងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ភាពស្អាត បៃតង និងបដិសណ្ឋារកិច្ចល្អ។