រដ្ឋមន្រ្តីក្រសួងការងារអះអាងថា​ បច្ចុប្បន្ន​ ប្រជាពលរដ្ឋមានការងារធ្វើ៩៩,៣%ក្នុងចំណោមកម្លាំងពលកម្មសរុបជិត១០លាននាក់​

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន​ បូណា​៖

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីបើកពិព័ណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី​ ២៧​ខែតុលានេះ​ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ​ ឯកឧត្តម​បណ្ឌិត​ អ៊ិត​ សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសាសន៍ថា​ តាមរយៈការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាបន្តទទួលបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម៧% ។​

ជាក់ស្ដែងនៅឆ្នាំ២០១៨នេះ វិស័យការងារបន្តអភិវឌ្ឍរីកចំរើនដែលធ្វើឱ្យអត្រាពលរដ្ឋដែលមានការងារធ្វើរហូតដល់ ៩៩,៣% កម្លាំងពលកម្មសរុបជិត ១០លាននាក់។ ការងារ និងមុខរបរ គឺជាការគាំពារសង្គមដ៏ប្រសើរបំផុត បានផ្តល់លទ្ធភាពឱ្យកម្ពុជាអាចបង្កើតការងារបានកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជនគ្រប់អាយុធ្វើការក្នុងចំនួនដ៏ច្រើនក្នុងមួយឆ្នាំៗ និងកម្លាំងពលកម្មដែលបានចាកចេញពីវិស័យកសិកម្ម ក្នុងគោលបំណងស្វែងរកអនាគតប្រសើរជាងនៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្ម។

ឯកឧត្តម​បានបញ្ជាក់ទៀតថា​ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញានឹងបន្តខិតខំបង្កើតការងារថ្មីល្អកាន់តែច្រើន និងរក្សាការងារដែលមានស្រាប់ ដើម្បីជួយឱ្យប្រជាជនកម្ពុជាកាន់តែមានការងារ មុខរបរ អាជីព ការគំាពារសង្គម និងជីវភាពកាន់តែប្រសើរ ឆ្លើយតបនឹងសេចក្តីប្រាថ្នាកាន់តែខ្ពស់របស់ខ្លួន។

សូមបញ្ជាក់ថា​ សហគ្រាសគ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុបជាង ១ម៉ឺន ២ពាន់ គ្រឹះស្ថាន និងមានកម្មករនិយោជិតសរុបចំនួនជិត ១លាន ៥សែន នាក់ សហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួនជិត៦សែន មានកម្មករចំនួនជាង ២ លាន ៤សែន នាក់ វិស័យកសិកម្មប្រមាណជាង ៤ លាននាក់ ពលករធ្វើការនៅក្រៅប្រទេសមនាចំនួនប្រមាណ ១ លាន ២ សែននាក់ និងមន្រ្តីសាធារណៈចំនួនប្រមាណ ជាង ៥ សែន នាក់៕