ក្រសួងបរិស្ថានព្រមានឱ្យបញ្ឈប់ជាបន្ទាន់ការទន្ទ្រានដីនៅឧទ្យានជាតិសុរាម្រិតកុសមៈគិរីរម្យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​ និង​ លោក​ ចន​ ណារិទ្ធ​៖

ក្រសួងបរិស្ថានព្រមានឱ្យបញ្ឈប់ជាបន្ទាន់ការទន្ទ្រានដីនៅឧទ្យានជាតិសុរាម្រិតកុសមៈគិរីរម្យ បន្ទាប់ពីមានសកម្មភាពទិញលក់ដីកម្មសិទ្ធិរបស់រដ្ឋនៅទីនោះដោយខុសច្បាប់។

លិខិតជូនដំណឹងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា កន្លងមកតំបន់មួយចំនួននៃឧទ្យានជាតិនេះ មានការកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់រួមមាន៖ ការកាប់ទន្ទ្រានកាន់កាប់ ការផ្ទេរនិងទិញលក់ខុសច្បាប់ បើទោះបីជាក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំការពារ និងទប់ស្កាត់យ៉ាងណាក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាស បដិសេធរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីដោយខុសច្បាប់ចំពោះដីរដ្ឋនៅតំបន់នោះ។

ជាមួយគ្នានេះ ក៏បានអំពាវដល់អ្នកដែលបាននឹងកំពុងកាន់ដីនៅទីនោះបញ្ឈប់សកម្មភាពកាប់ទន្ទ្រានដូចជា៖ ឈូសឆាយ និងសាងសង់សំណង់នានាជាបន្ទាន់ ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះដោយឥតលក្ខខណ្ឌមកឱ្យក្រសួងបរិស្ថានគ្រប់គ្រងវិញ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការកាប់គាស់ ការរុករានព្រៃ ឆ្ការ ដុត និងការឈូសឆាយដីព្រៃ ព្រមទាំងការសង់ផ្ទះ សង់តូប សង់រោង ដើម្បីយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដែលជាបទល្មើសធនធានធម្មជាតិ មានចែងក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ឯកឧត្តមបញ្ជាក់ថា «រដ្ឋបាលមូលដ្ឋាន ជាពិសេសភូមិ ឃុំ និងស្រុក ត្រូវបញ្ឈប់ជាបន្ទាន់នូវការបញ្ជាក់លើលិខិតទិញលក់ដីរដ្ឋ ផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងបង្ហាញដីនៅទីតាំងដែនឧទ្យានជាតិសុរាម្រិតកុសមៈគិរីរម្យ»។

ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨១.៧២០ម៉ឺនហិកតា កាលពីមុនឆ្នាំ១៩៩០។ វាជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ដោយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេស កម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីក្នុងសម័យសង្គមរាស្ត្រនិយម៕