ក្រុមអតីតៈសិស្សសាលាមធ្យមសិក្សាកម្រិត២បឹងត្របែកជំនាន់ឆ្នាំ១៩៨៦និងឆ្នាំ១៩៨៧បង្ហាញពីការរឹតចំណងមិត្តភាពជាមួយគ្នាអោយកាន់តែរឹងមាំ(មានវីដេអូ)

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

ក្រុមអតីតៈសិស្សានុសិស្សសាលាមធ្យម​សិក្សាកម្រិត២បឹងត្របែកជាច្រើននាក់ជំនាន់​ឆ្នាំ​១៩៨៦​និងឆ្នាំ១៩៨៧បង្ហាញពីការរឹតចំណងមិត្តភាពជាមួយគ្នាអោយកាន់តែរឹងមាំ ហើយរួម​គ្នា​រំលឹក​គុណ​គ្រូជារៀងរាល់ឆ្នាំដើម្បីសម្តែងការដឹងគុណចំ​ពោះលោកគ្រូអ្នកគ្រូដែល​បានបង្ហាត់​បង្រៀន​កន្លងមក។
ក្រុមអតីតៈសិស្សានុសិស្សសាលាមធ្យមសិក្សាកម្រិត២បឹងត្របែកជំនាន់ឆ្នាំ១៩៨៦និងឆ្នាំ១៩៨៧ប្រមាណជិត១០០នាក់បានជួបជុំគ្នាសម្តែងការដឹកគុណចំពោះលោកគ្រូអ្នក គ្រូផង និង​បង្ហាញ​ពីការនឹករលឹកគ្នាទៅវិញទៅមកបន្ទាប់ពីបានបែកគ្នាជាច្រើនឆ្នាំកន្លងទៅ។
ក្នុងឱកាសជួបជុំគ្នាដ៏សប្បាយរីករាយកាលពីរាត្រីថ្ងៃទី២៦ខែតុលា ឯកឧត្តម វង្ស ប៊ុនន្ទា្រវុធ ប្រ​តិ​ភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិនិងជាអតីតៈសិស្សានុសិស្សសាលាមធ្យមសិក្សាកម្រិត២បឹងត្របែកជំនាន់ឆ្នាំ១៩៨៦បានឲ្យដឹងថាការជួបជុំគ្នា​នា​ពេល​​​នេះបានផ្តល់ឱកាសដល់ក្រុមអតីតៈសិស្សទាំង​អស់នេះបានជួបជុំគ្នា​សម្ដែងនូវ​ការតបស្នង​ចំ​ពោះ​​គុណូបការៈ លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនមិត្តគ្រប់ជំនាន់ អោយក្លាយជា​ពលរដ្ឋ ជាឪពុកម្តាយល្អ ពិសេសមានចំណេះ​ដឹងជាមូលដ្ឋានគ្រឹះ​ឈោងទៅចាប់យកជំនាញ​វិជ្ជាជីវៈ​ដើម្បី​មានចំណេះដឹងគ្រប់គ្រាន់ធ្វើការងារបំរើជាតិមាតុភូមិ។ ឯកឧត្តម បានបញ្ជាក់ថា រយៈពេល​ជាង៣០ឆ្នាំហើយដែលលោកគ្រូអ្នកគ្រូធ្លាប់បានបង្រៀន ហើយក៏បានបែកពីលោកគ្រូ​អ្នកគ្រូនិង​មិត្តភត្តិរួមជំនាញផងដែរ ដើម្បីទៅបំពេញការងាររៀងៗខ្លួន ដូច្នេះក្រុមអតីតៈសិស្សា​នុសិស្ស​ទំាង​អស់នេះមិនអាចបំភ្លេចការនឹករលឹកគ្នានិងគុណបំណាច់របស់លោកគ្រូអ្នកគ្រូបានឡើយ។
ឯកឧត្តម លុន ឆេងកៃ ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ដែលជា អតីតៈនាយកសាលាមធ្យមសិក្សាកម្រិត២បឹងត្របែកបានសម្តែងការកោតសរសើរចំពោះសកម្មភាពររបស់ក្រុមអតីតសិស្សទំាងនេះគឺជាសកម្មភាពដ៏គំរូសម្រាប់សិស្សានុសិស្ស ជំនាញក្រោយ​ទៀតអោយចេះស្រលាញ់គ្នារាប់អានគ្នា នឹងការដឹងគុណចំពោះលោក គ្រូអ្នកគ្រូដែលខិតខំ​បណ្តុះ​​​បណ្តាលនាពេលកន្លងមក។
សូមបញ្ជាក់ថា នេះគឺលើកទី២ ដែលក្រុមអតីតៈសិស្សសាលាមធ្យមសិក្សាកម្រិត២បឹងត្របែក
ជំនាន់ឆ្នាំ១៩៨៦ និងឆ្នាំ១៩៨៧ បានរៀបចំកម្មវិធីជួបជុំគ្នាបង្ហាញ​ពីការនឹករលឹកគ្នាទៅវិញ​ទៅ​មក រួមទំាងរំលឹកគុណគ្រូផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូដែល​បាន​ចូល​និវត្តន៍ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពបានមួយកម្រិតផងដែរ៕