បើកការដ្ឋានស្ថាបនា មហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍បឹងជើងឯក(មានវីដេអូ)

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ួង វុធ និងលោក ចន ណារិទ្ធ៖


រដ្ឋបាលរាជធានីភ្នំពេញ ចាប់់ផ្តើមកសាង ផ្លូវនិងសាងសង់ស្ពាន នៃមហាវិថី អ្នកឧកញ៉ា​មហាភក្តី​សប្បុរសភោគាធិបតី ហ៊ុន នាង នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជើងឯក ដើម្បី ធ្វើអោយហេដ្ឋារចនា​សម្ព័ន្ធ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាន់តែធំលូលាយ ងាយស្រួលធ្វើដំណើរ និងកាត់បន្ថយ​ការ​កកស្ទះចរាចរណ៍បានកាន់តែប្រសើរឡើង។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការបើកការដ្ឋាន​ស្ថាបនា​ផ្លូវ និងសាងសង់ស្ពាន នៃ មហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ស្ថិតក្នុង​សង្កាត់ ចាក់អង្រ្គែលើ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី២៦ តុលា នេះគឺជាសមិទ្ធិផលមួយ​ទៀត​ដែលសាលារាជធានីភ្នំពេញសម្រេចបាន ក្នុងការកសាងនិងអភិវឌ្ឍន៍ផ្នែកហេ​ដ្ឋារចនាសម្ព័ន្ធ​សា​ធារណៈអោយកាន់តែប្រសើរថែមទៀត។ ការងារហេដ្ឋារចនាសម្ព័ន្ធ នេះ ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចមកលើប្រជាពលរដ្ឋ ពិសេសការកសាងស្ថាបនា ផ្លូវលូ ថ្នល់ និងស្ពាននេះ។ ឯកឧត្តម អភិបាលបន្តថា សមិទ្ធិផលជាច្រើន បានកសាងឡើង ព្រមទាំងកំ​ពុងបន្ត ដំណើ ការអភិវឌ្ឍទៅមុខឥតឈប់ឈរ ដើម្បី ចូលរួមកម្រិតជីវភាពប្រជា​ពលរដ្ឋបានធូ​ធារ និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម បញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្ត​សង្គាត់​ចាក់​អង្រែ​​លើប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះ​ស្រាយបញ្ហាប្រឈមចំពោះមុខគឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ កាត់បន្ថយការចំណាយ និងជំរុញសេដ្ឋកិច្ចទីផ្សារ ប្រកបដោយប្រសិទ្ធភាព។


លោក ពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណៈការនិដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា មហាវិថីនេះ មានប្រវេង២៨៧០ម៉ែត្រ ទទឺង១៨ម៉ែត្រ និងស្ពានមួយប្រវែង៨០​ម៉ែត្រនិងទទឹង​១៨​ម៉ែត្រ ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ២ ដល់ផ្លូវ៣៧១ ស្ថិតក្នុងខណ្ឌមានជ័យ ដើម្បីផ្តល់លទ្ធ​ភាព​​ងាយស្រួលដល់ការធ្វើដំណើរតភ្ជាប់ពីផ្លូវជាតិលេខ៤ កាត់តាមតំបន់វេងស្រេង និងតំបន់ចោម​ចៅ ដែលជាផ្លូវយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរ ស្របទៅតាមកំណើន​ប្រជា​ពលរដ្ឋ និងកំណើនយានយន្តនាពេលបច្ចុប្បន្ន។ លោកបន្តថា ការស្ថាបនាផ្លូវនិងស្ពាននេះ សា​លា​រាជធានី បានគិតគូរពីគុណភាពស្តង់ដារ ដើម្បី ធានា ដល់ការប្រើប្រាស់មានប្រសិទ្ធ​ភាពយូ​អង្វែង។ ផ្លូវនេះ ពីដើមឡើយប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នេះ ពុំធ្លាប់មានផ្លូវ និងស្ពាន ធ្វើដំណើរឆ្លងកាត់នោះឡើយ ពោលគឺត្រូវធ្វើដំណើរវាងឆ្លងកាត់ផ្លូវ៣៧១ ផ្លូវ២៧១ តំបន់​ក្បាល​ថ្នល់ និងកំណាត់ផ្លូវជាតិលេខ២ ទើបមកដល់តំបន់ចាក់អង្រ្គែលើ ហើយសុទ្ធតែជាទីតាំងស្ទះ​ចរា​ចរខ្លាំង ត្រូវចំនាយពេលច្រើនម៉ោងក្នុងការធ្វើដំណើឆ្លងកាត់ ។


សូមបញ្ជាក់ថា៖ ការដ្ឋានស្ថាបនាផ្លូវ និងសាងសង់ស្ពាន នៃមហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាងមានរយៈពេល១៨ខែ។