រដ្ឋបាលខេត្តព្រះសីហនុ បានបើកសិក្ខាសាលាប្រជុំផ្សព្វផ្សាយ ការពង្រឹងសណ្ដាប់ ធ្នាប់សាធារណៈសុវត្ថិភាពក្នុងការដ្ឋាន និងការគ្រប់គ្រងក្រុមហ៊ុនសំណង់

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –នាព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយនាយកដ្ឋានសំណង់ នៃក្រសួង រៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី បានបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តី ណែនាំ ស្តីពីការពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពក្នុងការដ្ឋាន និងការគ្រប់គ្រងក្រុមហ៊ុនសំណង់នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី មន្ត្រីជំនាញ ម្ចាស់សំណង់ អ្នកម៉ៅការសំណង់ បានយល់ពីលក្ខណៈបច្ចេកទេស នៃសំណង់ និងការគ្រប់គ្រងការដ្ឋានសំណង់នៅខេត្តព្រះសីហនុ ស្របតាមបទដ្ឋានបច្ចេកទេស និងការណែនាំរបស់ក្រសួងដែនដី ដើម្បីធានាសោភណភាព និងសុវត្ថិភាពបរិស្ថាន។

លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកការងារសំណង់មាន ប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងវិស័យ សំណង់នៅខេត្តព្រះសីហនុ រួមគ្នាអនុវត្តន៍តាមការណែនាំឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងចំណោមគម្រោងសំណង់តូច ធំ ដោយអនុវត្តន៍តាមការណែនាំរបស់មន្ត្រីជំនាញ និងបទដ្ឋានបច្ចេកទេស។

លោក ស្រ៊ុន ស្រ៊ន់ បន្តថា សំណង់នៅខេត្តព្រះសីហនុ ខ្លះមិនទាន់មានច្បាប់ និងកំពុង រត់ច្បាប់បណ្តើរសាងសង់បណ្តើរ ហើយសំណង់ខ្លះទៀតមានច្បាប់ តែសង់រំលោភច្បាប់ ដូច្នេះយើងរួមគ្នាគាំទ្រវិធានការច្បាប់ជាគោល។ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ នៅជាមួយប្រជាពលរដ្ឋ ត្រូវរាយការណ៍ឱ្យបានលឿនមកមន្ត្រីជំនាញ ឬអាជ្ញាធរ នូវរាល់សំណង់ណាដែលបានសាងសង់រំលោភចំណីអូរ ចំណីផ្លូវ ត្រូវតែចាត់ការឱ្យមានប្រសិទ្ធភាពខ្ពស់ដោយគ្មានការលើកលែង។

ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ ក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីមានប្រសាសន៍ថា រាល់ការដ្ឋាន សំណង់ណា ដែលមិនគោរពតាមការណែនាំរបស់មន្ត្រីជំនាញ និងអាជ្ញាធរនឹងត្រូវផាក ពិន័យតាមផ្លូវច្បាប់ ដោយមិនអនុញ្ញាតមានការសាងសង់សំ  ណង់ដែលគ្មានច្បាប់សាងសង់ ផ្ទុយនិងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។  ឯកឧត្តមបានស្នើឱ្យម្ចាស់គម្រោង អ្នកម៉ៅការ កម្មករ មន្តី្រជំនាញ អាជ្ញាធរ ត្រូវសហការគ្នាដើម្បីការពារផលប្រយោជន៍រួម របស់យើងទាំងអស់គ្នា ធានាបរិស្ថាន និងសោភណភាពទីក្រុងទេសចរណ៍

លោក ជិន សេង អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះ សីហនុ បានបញ្ជាក់ថា តាមបទដ្ឋានបច្ចេកទេសនៃសំណង់ត្រូវតែ គោរពតាម លក្ខខណ្ឌចាំបាច់៥មុននឹងធ្វើការសាងសង់រួមមាន៖ ១.ធ្វើរបងហ៊ុមព័ទ្ធការដ្ឋានសំណង់កម្ពស់ យ៉ាងតិច២ម៉ែត្រ ដើម្បីកុំឱ្យដី សំណល់ រឹង រាវ ហៀរចេញពីការដ្ឋានទៅលើផ្លូវ ដីចំណីឆ្នេរក្នុងគោលដៅធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យសោភណភាព និងបរិស្ថានសាធារណៈ។ ២.រក្សាទុកចិញ្ចើមផ្លូវយ៉ាងតិចស្មើនឹង ២ ភាគ៣ នៃប្រវែងទទឹង ចិញ្ចឹមផ្លូវសម្រាប់ឱ្យ អ្នកថ្មើរជើង។ ៣.រៀបចំទុកដាក់សម្ភារសំណង់ គ្រឿងចក្រ ឧប ករណ៍សាងសង់ រោងជាង កន្លែងស្នាក់នៅរបស់កម្មករ ក្នុងបរិវេណការដ្ឋានសាងសង់។ ៤.មុនសាងសង់ ត្រូវមានបង្គន់អនាម័យ និងអាងចម្រោះត្រឹមត្រូវ មុនបង្ហូរចូល លូសាធារណៈ និង ៥. រក្សាសុវត្ថិភាព បរិស្ថាន អនាម័យ និងគោរពអ្នកជិតខាង៕

ដោយ ងូ សុមុនី