រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ ក្រសួង-ស្ថាប័ននានា នឹងនាំយកផលិតផល ដាក់តាំងពិព័រណ៍​ក្នុងរយៈពេលបីថ្ងៃ ក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួង-ស្ថាប័ននានា នឹងនាំយកផលិតផលរបស់ខ្លួន មកដាក់តាំងពិព័រណ៍ក្នុងរយៈពេលបីថ្ងៃ ក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ ដែលនឹងធ្វើនៅថ្ងៃតី២៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខដើម្បីចូលរួមអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំតាំង ពិពរណ៍ ផលិត ផលតាមវិស័យ អបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួង-ស្ថាប័ននីមួយៗ នឹងទទួលបានស្ដង់ ពិព័រណ៍ទំហំ៣ម៉ែត្រគុណ៦ម៉ែត្រ ដែលសរុបទាំងអស់ប្រហែល៣០ស្តង់ ដើម្បីរៀបចំការតាំងពិព័រណ៍​ផលិតផល ឬស្នាដៃរៀងៗខ្លួនឱ្យ​​ភ្ញៀវជាតិ អន្តរ​ជាតិ​បានទស្សនា។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ ការរៀបចំ តាំងពិព័រណ៍ នឹងមានរួមទាំងសកម្មភាពពិព័រណ៍យោធា ពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម ពិព័រណ៍ម្ហូបអាហារ ពិព័រណ៍ផលិតផលតាមរាជធានី ខេត្ត ព្រមទាំងសកម្មភាពកីឡា ការសម្ដែងសិល្បៈ វប្បធម៌ ការប្រគំតន្ត្រីជាដើម។ឯកឧត្តមរដ្ឋមន្រ្ដីបន្ដថា ក្រសួងទេសចរណ៍ ក្នុងនាមជាគណៈ កម្មការអន្តរក្រសួងដែលដឹកនាំការរៀបចំពិព័រណ៍តាមវិស័យទាំងឡាយ នឹងរៀបចំពិព័រណ៍ទេស ចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ និងផ្នែកកីឡា ដើម្បីចូលរួមអបអរការបង្កើតវិមានអនុស្សាវរីយ៍នៃ  នយោបាយ ឈ្នះ ឈ្នះ និង​ពិធីឆ្លងចូលឆ្នាំសកលផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមទៀតថា ការរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយ ឈ្នះ ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នឹងប្រព្រឹត្ដទៅ នាថ្ងៃទី២៩ ដល់ថ្ងៃ៣១ ខែធ្ន ឆ្នាំ២០១៨ស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ នៅ សង្កាត់បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ។ ទន្ទឹមនេះ គោលបំណងនៃការសាងសង់ វិមាននេះ គឺដើម្បីរម្លឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិត ក្នុង​​បុព្វហេតុជាតិ មាតុភូមិ។ វិមាន ឈ្នះ ឈ្ន ក៏ជានិមិត្តរូបនៃសុខសន្តិភាពដែល​កម្ពុជា​ទទួលបានក្រោយ ពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ​ជាច្រើនទសវត្សរ៍កន្លងមក។

គួរបញ្ជាក់ថា ក្រៅពីការដាក់តាំងពិព័រណ៍ផលិតផល និងស្នាដៃតាមក្រសួង ស្ថាប័ននានា ក្រសួងទេសចរណ៍ក៏មានការរៀបចំដាក់តាំងពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ និងពិព័រណ៍ ផលិតផលតាមបណាខេត្តនានា មានប្រហែល៥០០ស្ដង់បន្ថែមទៀតផងដែរ៕

ដោយ អ៊ុន រិទ្ធី