រដ្ឋបាលរាជធានីភ្នំពេញផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្ត

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –រដ្ឋបាលរាជធានីភ្នំពេញ បានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែ ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តព្រះបារមីវង្គដ្ឋ បុរីកបិលភស្ត (ហៅវត្ដវង្គត់បុរី) ស្ថិកក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយទទួលបានបច្ច័យចំនួនជាង២៥ម៉ឺនដុល្លារ ដើម្បីកសាងព្រះវិហារ និងឧបដ្ឋានសាលា ដែលកំពុងបន្តសាងសង់នូវឡើយ។

​កម្មវិធីនេះ បានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិសជិតឆ្ងាត ជួបជុំដើម្បីប្រារព្ធពិធីក្រុងពាលី និងនមស្ការ ព្រះរត្ននត្រ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនានៅក្នុងបរិវេណ សាលារាជធានីភ្នំពេញដោយមានការចូលបច្ច័យទៅតាមកម្លាំងសទ្ធា ជ្រះថ្លារៀងៗខ្លួន

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា អង្គកឋិនទានដង្ហែទៅកាន់វត្ត ព្រះបារមីវង្គដ្ឋបុរីកបិលភស្ត័នេះ បានបច្ច័យចំនួន២៥៩៨៧៥ដុល្លារដើម្បីកសាងព្រះវិហារ និង ឧបដ្ឋានសាលា ដែលកំពុងបន្តសាងសង់នូវឡើយ។   ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វា សមាសដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាថា ពុទ្ធបរិសទ័នាំគ្នា ធ្វើបុណ្យ កឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថាជាកាលទានដ៏ មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។

មន្ត្រីរូបនោះបញ្ជាក់ទៀតថា តាមពុទ្ធបញ្ញតិ ភិក្ខុសង្ឃដែលអាចទទួលក្រាល គ្រងកឋិនបានលុះណាតែបានគង់ចាំព្រះវស្សាអស់វរបីខែដោយបរិបូណ៌ ពុំមានដាច់កិច្ចចូល វស្សាព្រោះកន្លងវិន័យដោយប្រការណាមួយឡើយ។ រីឯវត្តដែលពុំមានភិក្ខុសង្ឃ គង់ចាំព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសទ័បានដែរ៕  

ដោយសួស សំរិត