នូវែលហ្សេឡង់ក្លាយជាប្រទេសទីប្រាំដែលបានផ្តល់សច្ចាប័នលើ CPTPP

AKP ភ្នំពេញថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨ — កាលពីថ្ងៃទី ២៥ ខែតុលា រដ្ឋាភិបាលនូវែលហ្សេឡង់បានប្រកាសថា ខ្លួនបានផ្តល់សច្ចាប័នជាផ្លូវការដល់កិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

សភារបស់ប្រទេសនេះបានអនុម័តកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី ២៤ ខែតុលា ដោយមានការគាំទ្រពីគ្រប់ភាគីទាំងអស់លើកលែងតែភាគីមកពីគណបក្ស Greens ។ នៅមុននេះ ប្រទេសជប៉ុន ម៉ិកស៊ិកូ និងសិង្ហបុរី បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះកាលពីដើមឆ្នាំ។

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក David Parker បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះនៅចំពោះមុខនៃការកើនឡើងយ៉ាងឆាប់រហ័សនៃវិធានការការពារនៅទូទាំងពិភពលោក ដោយលោកបាននិយាយថា ក្រុមហ៊ុនអាជីវកម្មនឹងអាចទាញយកផលប្រយោជន៍ពីលក្ខខណ្ឌពាណិជ្ជកម្ម និងការកាត់បន្ថយពន្ធពីកិច្ចព្រមព្រៀងនេះ។

មុនពេលមានកិច្ចព្រមព្រៀងនេះ នូវែលហ្សេឡង់មិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុន កាណាដា ឬម៉ិកស៊ិកូទេ។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីប្រទេសហត្ថលេខីចំនួនប្រាំមួយបានចុះហត្ថលេខា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)