ណាតូធ្វើសមយុទ្ធយោធាដ៏ធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់ , រុស្ស៊ីធ្វើការតវ៉ា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ — ជាមួយពួកអ្នកចូលរួមប្រហែល ៥០.០០០នាក់មកពី ៣១ ប្រទេសនោះ កាលពីថ្ងៃព្រហស្បតិ៍នេះ ណាតូបានបើកធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់នៅក្នុងប្រទេស ន័រវេស នៅពេលដែលរុស្ស៊ីបានធ្វើការតវ៉ាចំពោះកម្រិតនៃសកម្មភាពយោធារបស់សម្ព័ន្ធភាពនេះ នៅក្បែរ ព្រំដែនរបស់ខ្លួននោះ ។

ប្រទេសសមាជិកណាតូទាំង២៩ ព្រមទាំងដៃគូរបស់ខ្លួន គឺប្រទេសស៊ុយអែត ព្រមទាំងប្រទេស ហ្វាំងឡង់ ជាមួយយន្តហោះ២៥០​គ្រឿង នាវា៦៥គ្រឿង និងរថយន្តរហូតដល់ ១០.០០០គ្រឿង នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលមានឈ្មោះថា Trident Juncture ២០១៨ ចាប់ពីថ្ងៃទី ២៥ខែតុលា ដល់ថ្ងៃទី ៧ ខែ វិច្ឆិកា ។

ណាតូ បាននិយាយថា ល្បែងសង្គ្រាមនេះនឹងធ្វើតេស្តសមត្ថភាពរបស់សម្ព័ន្ធភាព ដើម្បីស្តារឡើងវិញនូវអធិបតេយ្យភាពនៃសម្ព័ន្ធមិត្តមួយ បន្ទាប់ពីមានសកម្មភាពនៃការឈ្លានពានប្រដាប់អាវុធមួយ ហើយក៏នឹងធ្វើតេស្ត នឹងបញ្ជាក់ថា ទុកចិត្តបានផងដែរ កងកម្លាំងឆ្លើយតបរហ័សណាតូសម្រាប់ឆ្នាំ ២០១៩ ។

អគ្គលេខាធិការណាតូលោក ជេន ស្តូលថិនបឺក ( Jens Stoltenberg ) បានប្រាប់សន្និសីទសារព័ត៌មានមួយក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃពុធថា ពួកអ្នកចូលរួមនឹងបំបែកទៅជា « កងកម្លាំងខាងត្បូង » និង « កងកម្លាំងខាងជើង » ។ ពួកគេនឹងផ្លាស់វេនគ្នាដើរតួនាទីធ្វើជាអ្នកឈ្លានពានដែលប្រឌិតឡើង ហើយនឹងកងកម្លាំងការពារណាតូ ។

ទីភ្នាក់ងារព័ត៌មាន Sputnik របស់រុស្ស៊ីឱ្យដឹងថា នៅពេលជាមួយគ្នានោះ ដែរ ប្រទេសរុស្ស៊ីបានធ្វើការតវ៉ាថា កម្រិតនៃសកម្មភាពយោធាដែលធ្វើឡើងដោយណាតូ នៅក្បែរព្រំដែនរុស្ស៊ីមានខ្ពស់ជាង ដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីសង្គ្រាមត្រជាក់ ។

រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ីលោក Sergei Shoigu បាននិយាយពីថ្ងៃពុធនៅឯគណៈកម្មការយោធារួម រុស្ស៊ី – បេឡារូសមួយ នៅទីក្រុងមីនថា សកម្មភាពយោធាណាតូ នៅក្បែរព្រំដែនរបស់យើងបានឈានដល់កម្រិតដែលមិនធ្លាប់មានពីមុនមកមួយ ចាប់តាំងពីសង្គ្រាមត្រជាក់មក ។ ការធ្វើនយោបាយរបស់សម្ព័ន្ធភាពនេះ គឺមានបំណងពង្រឹងវត្តមានយោធានាំមុខរបស់ខ្លួន នៅលើផ្នែកខាងកើត ។

លោកបាននិយាយថា កម្រិតនៃប្រតិបត្តិការនឹងការហ្វឹកហាត់ប្រយុទ្ធនៅក្បែរព្រំដែនរបស់យើងកំពុងពង្រីក ហើយប្រពលភាពរបស់ពួកគេកំពុងកើនឡើង ។ បណ្តាប្រទេសរបស់ប្លុកនេះកំពុងហ្វឹកហាត់ ដើម្បីធ្វើការប្រយុទ្ធដែលមានចរិតវាយលុកមួយ ។

សមយុទ្ធ Trident Juncture ២០១៨ ធ្វើឡើងនៅក្នុងប្រទេសន័រវេសភាគកណ្តាល នឹងខាងកើត ព្រមទាំងតំបន់នៅជុំវិញសមុទ្រអត្លង់ទិចខាងជើង និងសមុទ្របាល់ទិច ដែលរួមមានប្រទេសអ៊ីស្លង់ ព្រមទាំងលំហអាកាសប្រទេសហ្វាំងឡង់ និងស៊ុយអែត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )