កូរ៉េទាំងពីបញ្ចប់ការដកគ្រឿងសព្វាវុធចេញពី JSA នៅខាងក្នុង DMZ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ — ក្រសួងការពារប្រទេសរបស់ក្រុងសេអ៊ូលបាននិយាយពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូង និងខាងជើង បានបញ្ចប់ការដកគ្រឿងសព្វាវុធនិងប៉ុស្តិ៍ឆ្មាំការពារចេញពីតំបន់សន្តិសុខរួម ( JAS ) នៅខាងក្នុងតំបន់គ្មាន យោធា ( DMZ ) ដែលបានធ្វើឱ្យឧបទ្វីបកូរ៉េបែកចេញពីគ្នា ។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកអាជ្ញាធរយោធាកូរ៉េខាងត្បូង និងកូរ៉េ ខាងជើង ព្រមទាំងបញ្ជាការ អ.ស.ប បានដកអាវុធគ្រាប់រំសេវ ព្រមទាំងអ្នកយាមប៉ុស្តិ៍ឆ្មាំការពារទាំងអស់ ចេញពី JAS គិតមកដល់ម៉ោងមួយរសៀល ម៉ោងក្នុងស្រុក ។

ការដកហូតគ្រឿងសព្វាវុធ JAS ត្រូវបានព្រមព្រៀងគ្នាដោយប្រមុខការពារប្រទេសរបស់កូរ៉េទាំង ពីរ ក្នុងអំឡុងកិច្ចប្រជុំកំពូលក្រុងព្យុងយ៉ាង កាលពីក្នុងខែកញ្ញា រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន ( Moon Jae-in ) និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន ( Kim Jong un ) ។

ក្រសួងនៅក្រុងសេអ៊ូលបាននិយាយថា សម្រាប់ភារកិច្ចអ្នកយាម,ទាហាន៣៥នាក់ ដែលគ្មាន ប្រដាប់អាវុធនឹងដាក់ឱ្យប្រចាំការរៀងៗខ្លួន ដោយកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅក្នុង JSA ។ សម្រាប់ពេល២ថ្ងៃខាងមុខ កូរ៉េទាំងពីរ និងបញ្ជាការ .អ.ស.ប បានគ្រោងធ្វើការពិនិត្យផ្ទៀងផ្ទាត់រួមគ្នាមួយសម្រាប់ការដកនេះ ។

ចាប់ពីថ្ងៃទី១ ខែតុលា មក ទាហានមកពីកូរ៉េទាំងពីរបានធ្វើប្រតិបត្តិការមួយរយៈពេល ២០ថ្ងៃ ដើម្បីដោះស្រាយយកគ្រាប់មីនបង្កប់ក្នុងដីនៅខាងក្នុង JSA ដែលគេបានដាក់ភ្លាមៗបន្ទាប់ពីសង្គ្រាមកូរ៉េ ឆ្នាំ ១៩៥០-៥៣ បានបញ្ចប់ទៅជាមួយនឹងយុទ្ធសន្តិភាពនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)