រដ្ឋាភិបាលក្នុងតំបន់របស់កូរ៉េខាងត្បូងបង្កើនល្បឿន កិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ — បណ្តារដ្ឋាភិបាលក្នុងស្រុកនៅប្រទេសកូរ៉េខាងត្បូង ​គឺកំពុងបង្កើនល្បឿនធ្វើកិច្ចផ្លាស់​ប្តូរគ្នា​លើវិស័យ​សំខាន់ៗ និងគម្រោងកិច្ចសហប្រតិបត្តិការនានា ជាមួយប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង​ទំនាក់ទំនងជាមិត្តភាពអន្តរកូរ៉េ។

អភិបាលរងក្រុងប៊ូសាន(Busan)ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចលោក យូ ចេ-ស៊ូ, អភិបាល​រង​ខេត្ត Gyeonggi ទទួលបន្ទុកកិច្ចការសន្តិភាពលោក លី វ៉ា-យ៉ុង​ និងអភិបាលរងក្រុង Sejong ទទួលបន្ទុកកិច្ចការនយោបាយ​លោក លី កាង-ជីន បានវិលត្រឡប់មកពីការ​ធ្វើ​ទស្សនកិច្ចរួមគ្នាមួយរបស់ពួកគេទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី ២០-២៣​ខែតុលា ​កន្លងមកនេះ។

នៅទីក្រុងព្យុងយ៉ាង​ ពួកមន្ត្រីកូរ៉េខាងត្បូង​ត្រូវបានគេរាយការណ៍ថា បានជួបប្រជុំ​គ្នា​ជាមួយលោក គីម យុង-ចុល ប្រធានគណៈកម្មាធិការសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិក លោក គីម សុង-យី ប្រធានគណៈកម្មាធិការគោលនយោបាយ​ ព្រមទាំងពួកមន្រ្តីកូរ៉េខាងជើងមួយចំនួន​ផ្សេងទៀត។

រដ្ឋាភិបាលក្រុងប៊ូសាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អភិបាលរងក្រុងលោក យូ បានស្នើឱ្យមានការគាំទ្ររបស់ទីក្រុងព្យុងយ៉ាង​សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរកូរ៉េ នៅក្នុង​វិស័យនានាទាក់ទងទៅនឹង​ការដឹកជញ្ជូននៅកំពង់ផែ ផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន និង​ឧស្សាហកម្មខ្សែភាពយន្ត ដោយគូសបញ្ជាក់ពីការឆ្លើយតបជាវិជ្ជមានមួយ ពីពួកមន្រ្តីកូរ៉េខាង​ជើង។

ពិសេសជាងនេះទៀត លោក យូ បានពន្យល់ពីគោលនយោបាយនៃមជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់ក្រុងប៊ូសាន និងបានផ្តល់នូវជំនួយផ្នែកបច្ចេកវិទ្យា ក្នុងការបង្កើតប្រព័ន្ធ​ហិរញ្ញវត្ថុ​​មួយ​សម្រាប់ប្រទេសកូរ៉េខាងជើងផងដែរ។​

លោក យូ បានអញ្ជើញលោក គីម ដើម្បីធ្វើទស្សនកិច្ចនៅទីក្រុងកំពង់ផែកូរ៉េខាង​ត្បូង​មួយនេះផង ដែរ។ ខណៈពេលនោះដែរ អភិបាលរងក្រុង នៃខេត្ត Gyeonggi លោក លី បាននិយាយថា មន្រ្តីជាន់ខ្ពស់ កូរ៉េខាងជើងមួយរូប គ្រោងនឹងធ្វើទស្សនកិច្ចនៅខេត្តនេះនាខែក្រោយនេះ ដើម្បីចូលរួមកិច្ចប្រជុំបណ្ឌិតសភាអន្តរជាតិមួយ នៅទីក្រុង Goyang នៅខាងទីក្រុងសេអ៊ូល។

លោក លី បាននិយាយទៀតថា មន្រ្តីកូរ៉េខាងជើង​នឹងពិភាក្សាគ្នាពីពេលវេលា​សម្រាប់​ទស្សនកិច្ចនៅ រដ្ឋាភិបាលខេត្ត Gyeonggi នេះ។ ការធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរបស់លោក លី ចេ-មីយ៉ុង​ នេះជាពិសេសក្នុងការបើកសាខាភោគជនីយដ្ឋាន Okryugwan មួយរបស់​កូរ៉េខាងជើង​នៅខេត្ត​Gyeonggi ផងដែរ។

លោកបាននិយាយថា គណៈប្រតិភូកូរ៉េខាងជើងដែលមានសមាជិក៧នាក់ ដែលបាន​ដឹកនាំដោយមន្រ្តីរដ្ឋាភិបាលមួយរូប​នឹងចូលរួមនៅក្នុងវេទិកាអន្តរជាតិមួយ ស្តីអំពីសន្តិភាព និង​​ភាពរីកចំរើននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ដែលនឹងត្រូវគេរៀបចំឡើងនៅឯសណ្ឋាគារមួយ​ក្នុង​ទីក្រុង Goyang នាថ្ងៃទី​១៤ និងទី១៥ ខែវិច្ចិកាខាងមុខនេះ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )