ព្រះរាជជីវប្រវត្តិ​ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការឡើងគ្រងព្រះបរម រាជសម្បត្តិ២០០៤-២០១៨របស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា “AKP” សូមលើកយកព្រះរាជជីវប្រវត្តិរបស់ព្រះអង្គមកចុះផ្សាយដូចតទៅ៖

 

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រសូត្រនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់ សម្ដេចព្រះនរោត្តម សីហនុ និង ព្រះមាតាព្រះនាម នរោត្តម មុនិនាថ សីហនុ។ ព្រះអនុជព្រះ អង្គព្រះនាម នរោត្តម នរិន្ទ្រពង្ស (សោយទិវង្គត)។ ព្រះអង្គជាព្រះមហា ក្សត្រនៃព្រះរាជា ណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដោយបន្តរាជសម្បត្តិពីព្រះរាជបិតា។

អំឡុងរដ្ឋប្រហារឆ្នាំ១៩៧០ ដោយលោកសេនាប្រមុខ លន់ នល់ (Lon Nol) ព្រះអង្គ ស្តេចគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុងប្រាគ ប្រទេសឆេកូស្លូវ៉ាគី និងបានចាប់ផ្តើមការសិក្សាទាក់ទងនឹងវិស័យភាពយន្ត នៅប្រទេស កូរ៉េខាងជើង។ នៅក្នុង ឆ្នាំ១៩៧៧ ព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញ។ ភ្លាមៗនោះ ខ្មែរក្រហមដែលកំពុងកាន់អំណាចបានប្រឆាំងនឹងរាជានិយម និងបានឃុំព្រះ អង្គនៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជវង្សានុវង្សដទៃទៀត រហូតដល់ឆ្នាំ១៩៧៩ ក្រោម ការអន្តរាគមន៍ពីសំណាក់បរទេស ខណៈប្រទេសកម្ពុជាត្រូវបានប្រទេសវៀតណាម វាយរំដោះ ផងនោះ។ នៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបង្ហាត់ បង្រៀនរបាំបាឡេ និង បានទទួលព្រះតួនាទីជាប្រធានសមាគមរបាំខ្មែរ ។ ព្រះអង្គទ្រង់គង់នៅ ប្រទេសបារាំងជិត២០ឆ្នាំ ប៉ុន្តែព្រះអង្គបានយាងទៅទីក្រុងប្រាគជារឿយៗជាទីដែលព្រះ អង្គបានចំណាយពេលយ៉ាងច្រើនក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយ គត់ ដែលចេះភាសាឆេក។

នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីសជាទីដែលព្រះ អង្គមានប្រជាប្រិយភាពចំពោះការតស៊ូ ធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។ ព្រះអង្គធ្លាប់បានបដិសេធចំពោះ ការតែង តាំងព្រះអង្គ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ព្រះអង្គត្រូវបានជ្រើសរើសដោយសមាជិកទាំង៩ នៃក្រុមប្រឹក្សារាជសម្បតិ្ត ជាព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជាជាផ្នែកមួយនៃដំណើរ ការយ៉ាងឆាប់រហ័ស និងសមស្របក្រោយពីដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនៃការដាក់រាជ្យរបស់ សម្តេចព្រះនរោត្តមសីហនុ។ ការជ្រើសរើសនេះ គឺស្របតាមការយល់ព្រមពីសំណាក់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានរដ្ឋសភា ដែលជាព្រះរាមម្តាយទីទៃនៃព្រះមហាក្សត្រថ្មី ដែលឥស្សរជនទាំងពីរសុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅ ថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០០៤។

ការសិក្សាពីឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សាន រោត្ដម វិទ្យាល័យដេកាត នៅរាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូន ទៅសិក្សាទីក្រុងប្រាគ ប្រទេសឆេកូស្លូ វ៉ាគី នាឆ្នាំ១៩៦២។ នៅទីនោះ ព្រះអង្គបានចូលរៀន នៅសាលាបឋមសិក្សា វិទ្យាល័យ និង សាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និង របាំបុរាណ រហូតដល់ឆ្នាំ១៩៧៥។ ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភា សាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យទាក់ទងជា ភាសា អង់គ្លេស និងរុស៊្សីបានយ៉ាងប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាគ ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្តនៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់ ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧។

មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះអង្គមានគោរម្យ ងារជា ស្ដេចក្រុមឃុនដែលព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ព្រះរាជប្រទាន នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានដំឡើងជា សម្ដេចព្រះបរមនាថនាថ្ងៃទី៣១ខែសីហា ឆ្នាំ២០០៤។

ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីគឺ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិ សាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯក រាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតីប្រែសេចក្ដីថា៖ អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និង ព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជន ទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំង សុភមង្គល សេរីភាព និងវិបុលភាពរបស់ប្រជារាស្ត្រខ្មែរ។ ព្រះនាមរបស់ព្រះអង្គ គឺបានមកពី ការផ្សំគ្នារវាងព្រះនាមរបស់ព្រះមាតាបិតាព្រះអង្គគឺ សីហ (សីហនុ) និងមុនី (មុនីនាថ)។
គ្រឿងឥស្សរិយយស ដែលព្រះមហាក្សត្រមាន គឺឥស្សរិយយស ព្រះរាជាណា ចក្រកម្ពុជាថ្នាក់ មហាសេរីវឌ្ឍន៍ ឥស្សរិយយស មុនីសារា ភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ មន្ត្រីធំ នៃកងពលកិត្តិ យស (Grand Officier de la Légion d’Honneur) នៃសាធារណរដ្ឋបារាំង មេដាយប្រាក់នៃ ក្រុងប៉ារីស (Médaille d’Argent de la Ville de Paris) នៃសាធារណរដ្ឋបារាំង៕

ដោយ AKP