ជុំវិញទំនាក់ទំនងយោធាចិន-អាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ — អ្នកនាំពាក្យយោធាចិន កាលពីថ្ងៃព្រហស្បតិ៍នេះ បានសំដែងសេចក្តីសង្ឃឹមថា ស.រ.អា នឹងមានការស្រុះស្រួលមតិគ្នាជាមួយចិន ហើយជំរុញនូវចំណងទាក់ទងយោធា នឹងយោធាធ្វើជាអ្នកធ្វើឱ្យមានស្ថិរភាពមួយសម្រាប់ទំនាក់ទំនងទ្វេភាគី ។


លោក វូ ឈាន ( Wu Qian ) អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយនៅឯសន្និសីទកាសែត តាមធម្មតាមួយថា ភាគីចិននិង ស.រ.អា គួរតែអនុវត្តន៍នូវការមូលមតិគ្នាដែលបានសម្រេចឡើងដោយមេដឹកនាំរបស់ប្រទេសទាំងពីរធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ ព្រមទាំងទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់កើតឡើង។

នៅពេលដែលគេស្នើឱ្យឆ្លើយតបទៅនឹងសុន្ទរកថា មួយធ្វើឡើងដោយអនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃផែន ( Mike Pence ) កាលពីដើមខែនេះ លោក វូ បាននិយាយថា ប្រទេសចិនជំទាស់ប្រឆាំងដាច់ខាតនឹងរឿងនេះ ព្រោះសុន្ទរកថានេះ ពេញទៅដោយការមួលបង្កាច់នឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋានប្រឆាំងនឹងប្រទេសចិន ។

ដោយបដិសេធការប្រកាស ស្តីពីការចំណាយខាងយោធារបស់ប្រទេសចិននោះ លោក វូ បាន និយាយថា ថវិកាការពាររបស់ចិន មានចំនួនត្រឹមតែមួយភាគបីប៉ុណ្ណោះនៃថវិកាការពាររបស់អាម៉េរិក ហើយការចំណាយខាងយោធាសម្រាប់មនុស្សម្នាក់ៗរបស់ចិន គឺមានប្រហែល១ភាគ១៩នៃការចំណាយ របស់អាម៉េរិក ។

លោក វូ បាននិយាយថា ចិនប្រកាន់ខ្ជាប់នូវនយោបាយការពារមួយ ដែលមានចរិតការពារនឹងតែងតែដើរតាមមាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាពជានិច្ច ។ លោកបាននិយាយថា​ ប្រទេសចិនសន្យាផ្តល់ឱ្យនូវទំនិញប្រើប្រាស់ ដែលមានការធានាជា សាធារណៈថែមទៀតដល់សហគមន៍អន្តរជាតិ ។ កំណើនកម្លាំងយោធារបស់ប្រទេសចិន គឺជាកំណើននៃកម្លាំងសន្តិភាពពិភពលោក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)