វៀតណាម និងសហភាពអឺរ៉ុបជំរុញឱ្យមានការចុះហត្ថលេខាលើ EVFTA មុនពេល

AKP ភ្នំពេញថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ — លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបាននិយាយថា វៀតណាមនិងសហភាពអឺរ៉ុប (EU) នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់នីតិវិធីក្នុងការចុះហត្ថលេខាអនុម័ត និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និង Vietnam (EVFTA) ។

លោកស្រី Hang បានធ្វើការកត់សម្គាល់នេះនៅឯសន្និសីទសារព័ត៌មានជាទៀងទាត់របស់ក្រសួងការបរទេសនៅទីក្រុងហាណូយ កាលពីថ្ងៃទី ២៥ ខែតុលា ខណៈដែលឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានអំពីដំណើរការចុះហត្ថលេខាលើ EVFTA នេះ។

លោកស្រីបាននិយាយថា គណៈកម្មការសហគមន៍អឺរ៉ុប (EC) កាលពីថ្ងៃទី ១៧ ខែតុលា បានយល់ព្រមបញ្ជូន EVFTA ទៅឱ្យក្រុមប្រឹក្សាអឺរ៉ុបដើម្បីសុំការយល់ព្រមអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
លោកស្រី Hang បាននិយាយថា នេះ គឺជាជំហានដ៏សំខាន់មួយដែលបង្ហាញអំពីការតាំងចិត្តរបស់ ភាគីទាំងពីរក្នុងការជំរុញកិច្ចព្រមព្រៀងនេះ ដែលជាការរួមចំណែកដល់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកស្រីបាននិយាយបន្ថែមថា ទង្វើនេះក៏បានបង្ហាញអំពីការគាំទ្ររបស់ភាគីទាំងពីរចំពោះពាណិជ្ជកម្មសេរីសម្រាប់ផលប្រយោជន៍ដូចគ្នា និងសម្រាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីផងដែរ។

EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីរវាងវៀតណាម និងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២៨ប្រទេស។ កិច្ចចរចារនៃកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៥ ហើយអត្ថបទផ្លូវការនៃកិច្ចព្រមព្រៀងនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៦។

គិតត្រឹមដំណាច់ខែសីហា ឆ្នាំ ២០១៨ បណ្តាប្រទេសនៅអឺរ៉ុបចំនួន ២៤ប្រទេសក្នុងចំណោមសមាជិកទាំង ២៨ បានវិនិយោគទុននៅក្នុងប្រទេសវៀតណាមដែលមានចំនួន ២.១៤១គម្រោង ដែលមានទឹកប្រាក់ប្រមាណ ២៤,១៧ប៊ីលានដុល្លារអាម៉េរិក។ សហភាពអឺរ៉ុបជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមវិនិយោគិនបរទេសនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីសាធារណរដ្ឋកូរ៉េ តៃវ៉ាន់ (ចិន) ជប៉ុន និងសិង្ហបុរី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)