កម្ពុជា-វៀតណាមនឹងជំរុញទំហំការដោះដូរពាណិជ្ជកម្មជាមួយគ្នា ឱ្យបានដល់ទំហំ ៥០០០លានដុល្លារក្នុងពេលឆាប់ៗខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –លោកជំទាវ ជុង ធី ម៉ាយ (Truong Thi Mai) សមាជិកការិយាល័យលេខាមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងថា ក្រុមហ៊ុនវៀតណាមនៅកម្ពុជាគិតមកទល់ពេលនេះមានគម្រោងវិនិ យោគរហូតដល់២០៦គម្រោង ដែលមានទំហំទឹកប្រាក់ប្រមាណជា ៣០០០លានដុល្លារអាម៉េរិក ហើយចំពោះការដោះដូរពាណិជ្ជកម្មក៏មានការរីកចម្រើនខ្លាំង ដែលទិស ដៅនៃប្រទេសទាំង ពីរនឹងជំរុញទំហំពាណិជ្ជកម្មជាមួយគ្នាឱ្យដល់ទំហំ ៥០០០លាន ដុល្លារក្នុងពេលឆាប់ៗ ខាងមុខនេះ។

នៅក្នុងឱកាសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជាអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះនៅវិមានរដ្ឋសភា ខណៈដែលលោកជំទាវដឹកនាំគណៈប្រតិភូ ណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមធ្វើទស្សនកិច្ច នៅកម្ពុជា លោកជំទាវ ជុង ធីម៉ាយ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីដំណើរទស្សន កិច្ចរបស់គណៈប្រតិភូលោកជំទាវនៅកម្ពុជានាពេលនេះ ដើម្បីរួមចំណែកពូនជ្រុំ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេសរវាងគណៈចលនាមហាជននៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

លោកជំទាវក៏បានសម្តែងនូវការភ្ញាក់ផ្អើល ដោយបានឃើញផ្ទាល់ភ្នែកនូវការរីកចម្រើន ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភាកម្ពុជា។ លោកជំទាវបានសម្តែងអបអរសាទរ និងជូនពរឱ្យកម្ពុជាកាន់តែមាន ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ លោកជំទាវ ជុង ធីម៉ាយ ក៏បានស្នើសុំសម្តេចប្រធានជួយ បន្តគាំទ្រចំពោះអនិកជនវៀតណាម ដែលរស់នៅដោយស្របច្បាប់នៅកម្ពុជា ក៏ដូចជាវិនិ យោគិនវៀតណាម ដែលបានបោះទុន និងប្រកបរបរទទួលទាននៅកម្ពុជាដោយ ស្របច្បាប់ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដែលដឹកនាំដោយលោកជំទាវ ជុង ធីម៉ាយ ប្រធានគណៈចលនាមហាជន នៃគណបក្សកុម្មុយនីស្តវៀតណាម។ សម្តេច ប្រធានបានបញ្ជាក់ថា ជាទស្សនកិច្ចដែលបានរួមចំណែកបន្តពូនជ្រុំ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកម្ពុជា-វៀតណាមឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាទ្វេដងទៀត។

សម្តេចប្រធានបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងគណៈចលនាមហាជនវៀតណាម ដែលបានរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសរួម ចំណែកពង្រីកកិច្ចសហប្រតិបត្តិការរវាងគណៈចលនាមហាជននៃប្រទេសទាំងពីរ ដើម្បីផល ប្រយោជន៍គ្នាទៅវិញទៅមក។ សម្តេចប្រធានក៏បានលើកឡើងផងដែរគណៈចលនាមហាជន កម្ពុជាដឹកនាំដោយលោកជំទាវ ម៉ែន សំអន ក្នុងនោះដែរលោកជំទាវបានខិតខំយ៉ាងសកម្ម ធ្វើយ៉ាងណា ដើម្បីឱ្យគណៈចលនាមហាជនមានការរីកចម្រើន ហើយទទួលបានលទ្ធផលល្អ ជាពិសេសខិតខំជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណៈចលនាមហាជនវៀតណាម-កម្ពុជា ដើម្បីផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីឧត្តមប្រយោជន៍ប្រជាជនទាំងពីរ។

សម្តេចក៏បានសម្តែងនូវការគាំទ្រផងដែរចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយ ជំរុញឱ្យបន្តកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតរវាងគណៈចលនាមហាជនទាំងពីរ។ សម្តេច ក៏បានសម្តែងនូវការពេញចិត្តចំពោះសមិទ្ធផល និងវឌ្ឍនភាពនានាដែលប្រទេសទាំងពីរ មានជាមួយគ្នា្នកន្លងមក។ ចំពោះកិច្ចសហប្រតិបត្តិការនានាទាំងបក្ស រដ្ឋាភិបាល មានការរីកចម្រើនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដែលកិច្ចសហប្រតិបត្តិការល្អប្រសើរនេះ ជាកិច្ចសហប្រតិបត្តិការមិត្តភាព សាមគ្គីភាពជាប្រពៃណី ហើយនិងជាកិច្ចសហ ប្រតិត្តិការលើគ្រប់វិស័យនិងយូរអង្វែង។

សម្តេចក៏បានលើកឡើងផងដែរថា ប្រទេសទាំងពីរកម្ពុជា-វៀតណាម មានទំនាក់ ទំនងជាប្រពៃណី ហើយជួយគ្នាទៅវិញទៅមក ហើយសហការគ្នា ប្រគៀកស្មាគ្នា តស៊ូប្រយុទ្ធ ប្រឆាំងនឹងអាណានិគមចក្រព័ត្រនិយម ដើម្បីប្រទេសជាតិទទួលបានឯករាជ្យភាព រៀងៗខ្លួន។ សម្តេចបានលើកឡើងផងដែរថា ក្នុងដំណាក់កាលថ្មីនេះប្រទេសយើងទាំងពីរ នឹងបន្តរួមគ្នា ដើម្បីកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនឱ្យកាន់តែល្អប្រសើរ ហើយនឹងពង្រីកកិច្ចសហប្រតិបត្តិការជា មួយគ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត

ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិ ក៏ដូចជាដំណើរការអភិវឌ្ឍរហូតសព្វថ្ងៃនេះ៕

ដោយ ប៉ាល់ សុង