ស្ថានទូតជប៉ុនរកឃើញក្រុមនិសិ្សតកម្ពុជាចំនួន៥ក្រុម សម្រាប់ចូលរួមកម្មវិធីផ្លាស់ប្តូរ យុវជនJENESYS2018 ទៅប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានអះអាងថា ការប្រកួតជ្រើសរើសបេក្ខជនចូលរួមកម្មវិធី ផ្លាស់ប្តូរយុវជនJENESYS 2018 ហៅថា (កម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និសិ្សត និងយុវជន រវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត) ត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ និង បានរកឃើញក្រុមនិស្សិតកម្ពុជាចំនួន៥ក្រុម ដែលទទួលបានជ័យលាភីសម្រាប់ចូលរួមកម្មវិធី ផ្លាស់ប្តូរ យុវជនJENESYS2018 ទៅប្រទេសជប៉ុន។ ការប្រកួតជ្រើសរើសនេះ បានធ្វើឡើង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC)នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការប្រកួតនេះ រៀបចំដោយស្ថានទូតជប៉ុនប្រចាំនៅ កម្ពុជា សហការជាមួយក្រសួងអប់រំ  យុវជន និងកីឡា និង CJCC​។ នៅក្នុងការប្រកួត និស្សិតចំនួន១២ក្រុម ស្មើនឹង៤៨រូប បានធ្វើបទបង្ហាញក្រោមប្រធានបទ អនាគតកម្ពុជា៣០ឆ្នាំក្រោយ

ក្នុងសេចក្ដីប្រកាសដដែលបានបន្ដថា ឆ្លងតាមការដាក់ពិន្ទុប្រកបដោយសុក្រិតភាពរបស់គណកម្មការដោយផ្អែកលើភាពច្នៃប្រឌិត ភាពទាក់ទាញ និងសាមគី្គភាពក្នុង ក្រុម និសិ្សតចំនួន៥ក្រុម ស្មើនឹង២០រូប ត្រូវបានជ្រើសរើសសម្រាប់ជ័យលាភីក្នុងការ ប្រកួតនេះជាមួយគ្នានេះ បេក្ខជនជ័យលាភីទាំង៥ក្រុមនេះ នឹងត្រូវអញ្ចើញទៅប្រទេសជប៉ុន ចាប់ពីថ្ងៃ ២២ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក្រោមកម្មវិធីផ្លាស់ប្តូរយុវជនJENESYS 2018​ ដែល ផ្តល់ដោយរដ្ឋាភិបាលជប៉ុន។

សូមរម្លឹកថា កម្មវិធី JENESYS គឺជាកម្មវិធីផ្លាស់ប្តូរយុរជនដែលរៀបចំឡើងដោយ ក្រសួងការបរទេសជប៉ុន ដើម្បីំរុញការយល់ដឹង និងកសាងទំនុកចិត្តគ្នាទៅវិញទៅមកក្នុង ចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហ ប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។

ស្ថានទូតជប៉ុនជឿងជាក់ថា តាមរយៈកម្មវិធីនេះ នឹងជំរុញអ្នកចូលរួម ឱ្យមានឱកាស យល់ដឹងកាន់តែស៊ីជម្រៅពីប្រទេសជប៉ុន ព្រមទាំងអាចចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន បានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជាក្រោយពីការវិលត្រលប់មកកាន់មាតុភូមិវិញ៕

ដោយ អ៊ុន រិទ្ធី