សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ចេញទៅប្រកួតអាស៊ីអាគ្នេយ៍ជាលើកដំបូង ប៉ុន្តែរំពឹងឈ្នះមេដាយយកមកជូនជាតិ

AKP ភ្នំពេញ ថ្ងែទី២៦ ខែតុលា ឆ្នាំ២០១៨ –លោក សុខ ខេមរិន ប្រធានស្តីទីសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានអះអាងមុនពេល ចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នេះថា ការចូលរួមប្រកួតប្រកួតអន្តរជាតិតំបន់អាស៊ីអាគ្នេយ៍ Lao IPSC Handgun Championship 2018 នៅប្រទេសឡាវ គឺជាលើកដំបូងរបស់អត្តពលិកកម្ពុជា ដើម្បីស្វែងរក បទពិសោធន៍ថ្មីៗ

ពីលើឆាកអន្តរជាតិ ប៉ុន្តែវាក៏ជាក្តីសង្ឃឹមផងដែរ ក្នុងការដណ្តើមបានមេដាយ យកមកជូនជាតិ។ លោកបញ្ជាក់ថា បើទោះបីនេះជាលើកដំបូង ដែលអត្តពលិកបាញ់កាំភ្លើង កម្ពុជាឈានជើងចូលរួមការប្រកួតក្តី ប៉ុន្តែលោករំពឹងថា កីឡាករ កីឡាការិនីបាញ់កាំភ្លើង កម្ពុជានឹងអាចប្រជែងមេដាយបានមកជូនជាតិវិញជាក់ជាមិនខាន ពីព្រោះថា អត្តពលិក ទាំង អស់បានបង្កើនការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញជាមួយគ្រូបរទេស គឺលោក ថូម៉ាស ដែលជា គ្រូជំនាញរបស់សហព័ន្ធ។ លោកបានបន្ដទៀតថា ជាមួយនឹងការឈានជើងទៅចូលរួមក្នុង ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយបង្កើនកម្រិតបច្ចេកទេសកាន់តែប្រសើរ ដើម្បីពង្រឹងសមត្ថ ភាពរបស់ខ្លួនឈានឆ្ពោះទៅចូលរួមព្រឹត្តិការណ៍ក្រៅប្រទេសធំៗជាបន្តទៀត ជាពិសេសគឺ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ

ក្រុមកីឡាបាញ់កាំភ្លើងកម្ពុជា នឹងត្រូវប្រកួតលើវិញ្ញាសាបាញ់កម្រិតស្តង់សារ ISPIC ព្រោះវិញ្ញាសានេះ គឺជាប្រភេទវិញ្ញាសាសំខាន់សម្រាប់អត្តពលិកកម្ពុជាដកស្រង់បច្ចេកទេសបន្ថែម ដើម្បីត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។

សូមបញ្ជាក់ថា អត្តពលិកបាញ់កាំភ្លើងចំនួន៧នាក់ ដែលចូលរួមព្រឹត្តិការណ៍ Lao Handgun Championship 2018 នៅប្រទេសឡានេះ រួមមាន៖ កីឡាករ ប្រាក់ ដេវីដ, ថាន ចំរើន, វុធថា ដាវណ្ណ, វង់ ពិសី និងកីឡាការិនី វង្ស សុខាវីន, យ៉ែម បារាំង និងកីឡាការិនី ដួង សាមាន៕

ដោយ ហេង ណាលីន