អត្តពលិក អាស៊ីអឺរ៉ុប បង្កើនការហ្វឹកហាត់ ដើម្បីប្រជែងមេដាយពីទិវាសប្បុរសធម៌ ពាក់កណ្តាលម៉ារ៉ាតុង នៅលើភ្នំបូកគោ

AKP ភ្នំពេញ ថ្ងែទី២៦ ខែតុលា ឆ្នាំ២០១៨ –អត្តពលិកនៃក្លិបកីឡាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប កំពុងបង្កើនការហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីបង្កើនគុណភាពបច្ចេកទេសឱ្យបានកាន់តែប្រសើរ ដើម្បីចូលរួមប្រជែងមេដាយ នៅក្នុង ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៥ នៅលើភ្នំបូកគោ ស្ថិតនៅ ក្នុង​ខេត្តកំពត នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ។

លោក ពៅ ហុក គ្រូបង្វឹកកីឡាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌ មានកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក្នុងពេលហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិថា អាស៊ីអឺរ៉ុបបានបណ្តុះឆន្ទៈលើកទឹកចិត្តកីឡាករ-កីឡាការិនីរបស់ខ្លួន ដោយត្រូវយកឈ្នះលើ ខ្លួនឯងជាមុនសិន មុនពេលដែលត្រូវប្រជែងយកមេដាយពីព្រឹត្តិការណ៍អន្ដរជាតិមួយនេះ ដោយគ្រោងនឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន៣២នាក់ ក្នុងនោះមានអត្តពលិក ជំនាញ៦នាក់។

គ្រូកីឡារូបនេះបានសម្តែងនូវរីករាយជាខ្លាំង បន្ទាប់ពីឯកឧត្តម ឌួង លាង ប្រធានក្រុម ប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានអនុញ្ញាតឱ្យបុគ្គលិក និងកីឡាករ-កីឡាការិនី ជាច្រើននាក់បានចូលរួមប្រកួត ក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ នៅលើភ្នំបូកគោ ដែលរៀបចំឡើងដោយរមណីយដ្ឋានឋានសួគ៌បូគោ ដើម្បីរួមចំណែកស្វែងរកមូលនិធិសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា។

លោក ពៅ ហុក បានគូសបញ្ជាក់ថា អត្តពលិក៣២នាក់ គឺមាន៦នាក់ ដែលអត្តពលិក ជំនាញប្រចាំក្លិប ដូចជា កីឡាករ ម៉ា វីរ៉ូ, សាត ឧត្តម, ផាន សុភុត, វ៉ាន់ ភារ៉ា និងកីឡាការិនី ហេង ម៉េងជូ និងកីឡាការិនី ប៊ូ សំណាង  ដែលធ្លាប់ដណ្តើមបានជ័យលាភី នាពេលកន្លង មក។ លោកបានបន្ថែមថា ការបង្កើតនូវកំណត់ត្រាថិរវេលាមួយល្អប្រសើរ គឺជារឿងមួយល្អ និងគួរឱ្យរីករាយ បើទោះលទ្ធផលជារួមបែបណាក៏ដោយ។ លោកសង្ឃឹមថា កីឡាករ-កីឡាការិនី ទាំងអស់នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមនូវកិត្តិយសជូនសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។

សូមបញ្ជាក់ថា វិញ្ញាសាប្រកួតមានរហូត៤វិញ្ញាសា គឺវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងវិញ្ញាសារត់កម្សាន្ដលក្ខណៈគ្រួសារ៣គីឡូម៉ែត្រ ដែលផ្ដោត សំខាន់លើការប្រមូលថវិកាពីការរៀបចំសម្រាប់បរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ឋា៕

ដោយ ហេង ណាលីន