ក្រសួងសាធារណការ គ្រោងជួសជុលផ្លូវជាតិក្នុងខេត្តកណ្ដាលចំនួន១២ខ្សែ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ អាត ចន្ធូ និង​លោក​ ចន​ ណារិទ្ធ​៖

​ រាជធានីភ្នំពេញ​៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងជួសជុលផ្លូវជាតិក្នុងខេត្តកណ្ដាលចំនួន១២ខ្សែ ខណៈផ្លូវទាំងនោះកំពុងរងការខូចខាត និងបង្កាការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ​។

​ សេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅថ្ងៃទី២៦ ខែតុលានេះ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចធ្វើការជួសជុល និងកែលម្អឡើងវិញនូវកំណត់ផ្លូវជាតិសំខាន់ៗ តាមបណ្តោយខេត្តកណ្តាលមាន៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១៤ ផ្លូវជាតិលេខ២០បេ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១អា ផ្លូវជាតិលេខ២១បេ ផ្លូវជាតិលេខ៣៤ ផ្លូវជាតិលេខ១១០ និងផ្លូវជាតិលេខ១៥១អា ដោយតម្រូវឱ្យម្ចាស់លំនៅឋាន ឬតូបអាជីវកម្ម តាមបណ្តោយផ្លូវទាំងនេះ រំកិលចេញឱ្យបានយ៉ាងតិច១៥ម៉ែត្រ នៅត្រឹមថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់ថា ក្រសួងនឹងដាក់គ្រឿងចក្រទៅជួសជុលលុបសំបុកមាន់ ព្រមទាំងធ្វើការពង្រីកចិញ្ចើម ផ្លូវជាតិទាំងនេះរហូតដល់១៥ម៉ែត្រ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះតទៅ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងក្បាលដីជាប់ផ្លូវជាតិខាង នឹងអធ្យាស្រ័យ និងជួយចូលរួមសហការអនុវត្ត សម្រាប់ការអភិវឌ្ឍឱ្យបានល្អប្រសើរនូវវិស័យហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន និងទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ការចូលទៅអភិវឌ្ឍន៍ផ្លូវជាតិទាំងនេះឱ្យបានល្អប្រសើរឡើងវិញនេះ គឺធ្វើឡើង ដោយ អនុវត្តតាមយុទ្ធការរយៈពេល១០០ថ្ងៃ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបាន ដាក់ចេញឱ្យមានការថែទាំផ្លូវជាតិ ផ្លូវខេត្តជាប្រចាំ ព្រមទាំងជួសជុលលុបសំបុកមាន់ ដើម្បីធានាឱ្យបាននូវស្ថានភាពផ្លូវល្អជានិច្ច តាមផែនការ និងកិច្ចសន្យាចំពោះមុខប្រជាពលរដ្ឋ៕