មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទថា ការអុវត្តគម្រោងភូមិគំរូសាកល្បងរយៈពេល៣ឆ្នាំមកនេះ បានធ្វើឱ្យជីវភាពល្អប្រសើរជាងមុន

AKP សៀមរាប ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទអះអាងថា ការអុវត្តគម្រោងភូមិគំរូសាកល្បងរយៈពេល៣ឆ្នាំមកនេះ គឺទទួលបានជោគជ័យបាន​ធ្វើឱ្យភូមិឋានក្នុងគោលដៅគម្រោងមានការអភិវឌ្ឍ ជាពិសេសបានផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋឱ្យមានការឧស្សាហ៍ព្យាយាម

ថ្លែង​នៅក្នុងសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍ និងភាពជោគជ័យរបស់ភូមិគំរូសាកល្បងនៅ​ខេត្តសៀមរាប​កាល​ពី​រសៀលថ្ងៃព្រហស្បតិ៍ ០១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោកអឿន ធារិទ្ធិ ប្រធាននាយកដ្ឋានភិវឌ្ឍន៍សហគមន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានអនុគណកម្មការអភិវឌ្ឍន៍ភូមិគំរូសាកល្បង បាន​មាន​ប្រសាសន៍ថា កន្លងមកនេះសាធារណរដ្ឋកូរ៉េ បានផ្តល់ជំនួយឥតសំណងលើទំហំទឹកប្រាក់ប្រមាណជិត ៩លានដុល្លារអាម៉េរិកសម្រាប់ប្រើប្រាស់ ដើម្បីរៀបចំផែនការមេស្តីពីការអភិវឌ្ឍជនបទនៅកម្ពុជា ដោយបានអនុវត្តន៍គម្រោងភូមិគំរូសាកល្បងចំនួន៣០ នៅខេត្តគោលដៅចំនួន៣ រួមមានខេត្តកំពង់ស្ពឺ តាកែវ និងខេត្តត្បូងឃ្មុំ និងការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅខេត្តកំពង់ស្ពឺ ការអនុវត្តគម្រោងនេះមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នា២០១៦ដល់ឆ្នាំ២០១៨ដែលជាឆ្នាំបញ្ចប់នៃគម្រោង។ ចាប់ពីខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះទៅអង្គការ KOICA នឹងប្រគល់គម្រោងនេះទៅរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកអនុវត្តន៍បន្ត។

លោក អៀន ធារិទ្ធិ បញ្ចាក់ថា ការអុវត្តគម្រោងភូមិគំរូសាកល្បងរយៈពេល៣ឆ្នាំមកនេះ គឺទទួលបានជោគជ័យបាន​ធ្វើឱ្យភូមិឋានក្នុងគោលដៅគម្រោងទាំង ៣០មានការអភិវឌ្ឍជាពិសេសបានផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋឱ្យមានការឧស្សាហ៍ព្យាយាម ចេះសហការគ្នាក្នុងការបង្កបង្កើនផល ការអភិវឌ្ឍភូមិឋានតាមរយៈថវិកាបដិភាគជាមួយរដ្ឋ

លោកបានបន្តថា បន្ទាប់ពី KOICA ប្រគល់គម្រោងនេះមកឱ្យក្រសួងអភិវឌ្ឍន៍ជនបទ វិញនោះ ក្រសួងនឹងទទួលមើលការខុសត្រូវលើគម្រោង និងបន្តភាពជាម្ចាស់នៃសហគមន៍។  លោក អះអាងថា ក្រសួងអភិវឌ្ឍន៍ជនបទមានឆន្ទៈក្នុងការគាំទ្រ ជាជំនួយបច្ចេកទេសដល់អ្នកភូមិ សម្រាប់ការអនុវត្ត និងបន្តនិរន្តរភាពគម្រោងនាពេលអនាគត ។

លោក គង់ វ៉ុង កសិករឆ្នើមមកពីភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានឱ្យដឹងថា គម្រោងភូមិគំរូសាកល្បងែលជាចលនាភូមិថ្មីនេះ គឺជាគម្រោងដ៏អស្ចារ្យសម្រាប់ប្រជាពលរដ្ឋនៅភូមិចំប៉ា ដោយគម្រោងនេះបានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកមានការផ្លាស់ប្តូរការគិតជាច្រើន ជាពិសេសពួកគាត់បានប្រកាន់យកគោលការណ៍ចលនាភូមិថ្មីទៅអនុវត្តន៍គឺការឧស្សាហ៍ព្យាយាម។ លោកពន្យល់ថា ការប្រកាន់យកគោលការណ៍ការឧស្សាហ៍ព្យាយាមនេះ គឺជាថា ផ្លូវទៅកាន់ភាពជោគជ័យ

លោកបាន​បញ្ជាក់ថា គម្រោងភូមិគំរូសាកល្បងដែលជាចលនាភូមិថ្មីនេះ គឺជាគម្រោងដែលបានជួយធ្វើឱ្យភូមិរបស់លោកក្លាយទៅជាភូមិអ្នកមានជីវភាពល្អប្រសើរ​ ខណៈពីមុនភូមិរបស់លោកគឺជាភូមិដែលបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានការលំបាកច្រើន។ លោកនឹងជួយផ្សព្វផ្សាយទៅកាន់ភូមិផ្សេងៗទៀត ដែលនៅជិតឱ្យយល់ពីគោលការណ៍ការឧស្សាហ៍ព្យាយាមរបស់ចលនាភូមិថ្មីនេះដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាធូធា និងមានភាពរីកចម្រើនក្នុងភូមិ។

លោកស្រី  គីម ម្យុងជិន នាយករងអង្គការ KOICA ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការអនុវត្តគម្រោងភូមិគំរូសាកល្បងដែលជាចលនាភូមិថ្មីនេះ គឺKOICAបានយកទម្រង់អភិវឌ្ឍន៍ជនបទ នៅប្រទេសកូរ៉េខាងត្បូងបានដាក់ឱ្យប្រជាពលរដ្ឋកម្ពុជានៅក្នុងគោលដៅគម្រោងអនុវត្តន៍ ឃើញថារយៈពេល៣ឆ្នាំនេះ ការអនុវត្តគម្រោងនេះទទួលបានភាពជោគជ័យល្អ។​

លោកស្រីបានបញ្ជាក់ថា ជំហានទី១នៃគម្រោងភូមិគំរូសាកល្បងដែលជាចលនាភូមិថ្មីនេះ គឺផ្តោតសំខាន់ទៅលើការបង្កើនផលិតកម្ម ហើយសម្រាប់គម្រោងទី២របស់អង្គការKOICA នឹងសិក្សាពីគម្រោងជួយលើកការងារទីផ្សារសម្រាប់ប្រជាពលរដ្ឋ ហើយបើគម្រោងទី២នេះជោគជ័យទៀតគម្រោងទាំងពីរនេះ នឹងក្លាយជាចំណែកមួយធ្វើការអភិវឌ្ឍជនបទស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកាន់តែមានភាពល្អប្រសើរ៕

ដោយ ឃុត សៅ