ក្រសួងព័ត៌មាន​ ត្រៀមផែនការសំរាប់ទប់ទល់នឹងព័ត៌មានក្លែងបន្លំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោកស្រី ធីណា ឌីណ​៖​

ក្រសួងព័ត៌មានត្រៀមផែនការ យុទ្ធសាស្រ្ត ទប់ទល់នឹងព័ត៌មានក្លែងបន្លំ ដោយសារតែការសាភាយ នូវព័ត៌មានក្លែងបន្លំមិនត្រឹម តែជាក្តីកង្វល់របស់តំបន់ និងសកលលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្តីកង្វល់មួយរបស់កម្ពុជាផងដែរ។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអោយដឹងថា បច្ចុប្បន្នបញ្ហាក្លែងបន្លំនេះ កំពុងក្លាយជាក្តីកង្វល់មួយដ៏ធំ ដែលតម្រូវឲ្យរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយ រួមគ្នាដើម្បី ទប់ស្កាត់គ្រោះអន្តរាយ ដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់ សាធារណៈ ការរើសអើង និងវប្បធម៌ប្រពៃណីជាតិ។ ឯ.ឧបានបន្តថា ដើម្បីរួមចំណែកទប់ស្កាត់ ផលវិបាកដែលបង្កឡើង ដោយសារពត៌មានក្លែងបន្លំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ គ្រប់អ្នកសារព័ត៌មានទាំងអស់ ត្រូវអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ នឹងត្រូវផ្សព្វផ្សាយព័ត៌មានណាដែលជាការពិត គ្មានការក្លែងបន្លំ ជាពិសេសត្រូវផលិតអត្តបទអប់រំ និងផ្តល់ចំណេះដឹង ជូនសារធារណៈជន អំពីផលវិបាកនៃព័ត៌មានក្លែងបន្លំឲ្យបានទូលំទូលាយ។ ឯ.ឧបានបន្តថា រហូតមកទល់ពេលនេះ ក្រសួងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ធ្វើយ៉ាងណា អោយការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា គឺជាផ្សព្វផ្សាយព័ត៌មានដែលពិត ត្រឹមត្រូវ នាំអោយមានការសំរេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋ។ សម្លេង៖ មកដល់ពេលនេះក្រសួងព័ត៌មានបានរៀបចំ នឹងអនុវត្តន៍ទៅតាមបទតដ្ឋានកតិយុទ្ធ ដែលមានស្រាប់ ក្នុងការពង្រឹងការគ្រប់គ្រងប្រព័ន្ធព័ត៌មាន ដែលផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាប្រព័ន្ធដែលមានគុណភាព នឹងភាពជឿជាក់។

យោងតាមរបាយការណ៍រ របស់ក្រសួងព័ត៌មានបានអោយដឹងថា វិស័យព័ត៌មាន និងសោតទស្សន៍ គិតត្រឹមខែកក្កដាឆ្នាំ 2018នេះ មានអង្គភាពកាសែតចំនួន៤១៨ អង្គភាពទស្សនាវដ្តី ១៨៩ អង្គភាពព្រឹត្តិបត្រ ២០អង្គភាព គេហទំព័រ និងទូរទស្សន៍អនឡាញ ២១៦អង្គភាព ស្ថានីយវិទ្យុមានជាង៣០០ស្ថានីយ៍ ទាំងនៅរាជធានីភ្នំពេញនឹងតាមបណ្ដាខេត្ត ស្ថានីយទូរទស្សន៍២២ទូរទស្សន៍ ខ្សែកាបរាជធានីភ្នំពេញនិងបណ្ដាខេត្តចំនួន១១៣ ប្រព័ន្ធOTTចំនួន2 និងប្រព័ន្ធSatelliteចំនួន២ ព្រមទាំងអ្នកប្រើប្រាស់ ប្រព័ន្ធអ៊ីនធ័រណិតចល័តជាង១២លាននាក់ ៕