មន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី ធ្វើកម្មវិធីពិគ្រោះយោបល់ស្តីពីប្រវត្តិជនជាតិដើម នៅក្នុងភូមិដែលពួកគាត់រស់នៅ

AKP មណ្ឌលគិរី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –តំណាងអ្នកភូមិជនជាតិដើមស្ទៀង ជាង៧០នាក់ បានមកជួបជុំគ្នានៅក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពីឯកសារព្រាងប្រវត្តិជនជាតិដើមភាគតិចស្ទៀង។ការបង្កើតកម្មវិធីនេះឡើងនៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលាឆ្នាំ២០១៨នេះ នៅភូមិឆ្នែងក្នុង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រោមវត្តមានលោកសី ទួច ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី និងលោកសាន្ត គឹមអ៊ាប អភិបាលរងស្រុកកែវសីមា

 

លោក សី ទួច បានលើកឡើងថា ដោយអនុវត្តន៍ទៅតាមផែនការសកម្មភាពដែលបានគ្រោងទុក និងដោយមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា មន្ទីរបានគាំទ្រសកម្មភាពនេះទៅក្នុងកម្មវិធីសមាហរណកម្មផែនការថ្នាក់ស្រុក នៅស្រុកកែវសីមាសម្រាប់ការអនុវត្តនៅឆ្នាំ២០១៨នេះ។ សកម្មភាពនេះក៏មានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តក៏ដូចជាក្រសួងផងដែរ។

លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានបន្តថា មន្ទីរបានរៀបចំក្រុមកាងារជំនាញដើម្បីអនុវត្តន៍កាងារដោយមានការប្រជុំពិភាក្សាជាច្រើនលើក ដើម្បីរៀបចំបញ្ជីសំណួរនិងមធ្យោបាយ ក៏ដូចជាវិធីសាស្ត្រមួយចំនួនមុននឹងចុះដល់ទីតាំងដែលបងប្អូនជនជាតិស្ទៀងរស់នៅ។ លោកបញ្ជាក់ថា ឯកសារព្រាងប្រវត្តិប្រពៃណី ទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចស្ទៀង មានដូចជា ប្រវត្តដើមរបស់ជនជាតិដើមស្ទៀង, ការសង់លំនៅឋាននិងការរស់នៅ, ជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់, ភាសានិងសិល្បៈ។ ចំណុចទាំង៤ក៏បានបែងចែកជាផ្នែកតូចជាច្រើនទៀតមានកម្រាស់ ៨ទំព័រផងដែរ។

អភិបាលរងស្រុកកែវសីមាលោក សាន្ត គឹមអ៊ាប បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលណាស់ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយរដ្ឋបាលស្រុកកែវសីមា ក្នុងការរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើឯកសារព្រាងប្រវត្តិជនជាតិដើមភាគតិចស្ទៀង ដែលនេះជាសមិទ្ធផលការងារដ៏ថ្មីថែមទៀតរបស់រដ្ឋបាលខេត្តនិយាយជារួម និងនិយាយដោយឡែកសម្រាប់រដ្ឋបាលស្រុកកែវសីមា ក៏ជាសមិទ្ធផលថ្មីដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន ព្រោះថា បងប្អូនជនជាតិដើមភាគតិចស្ទៀង នៅក្នុងខេត្តមណ្ឌលគិរីស្ទើរតែ១០០ភាគរយ គឺរស់នៅក្នុងស្រុកកែវសីមា ហើយត្រូវបានចងក្រងជាប្រវត្តិទុកសម្រាប់ជាឯកសារដល់អ្នកសិក្សាស្រាវជ្រាវ ជាពិសេសគឺលែងមានការភាន់ច្រឡំ និងបាត់បង់ចាប់ពី ខណៈនេះតទៅ៕

ដោយចាន់បុត្រ