អាជ្ញាធររាជធានីភ្នំពេញកោះហៅម្ចាស់អាជីវកម្មដ្ឋានក្លិបកម្សាន្ត សណ្ឋាគារ,ផ្ទះសំណាក់,ខារ៉ាអូខេ មកប្រជុំដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែអស្សុជ​ឆ្នាំច​សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ អាជ្ញាធររាជធានីភ្នំពេញ បានកោះប្រជុំជាមួយម្ចាស់ក្លិកម្សាន្ត,ខារ៉ាអូខេ, ផ្ទះសំណាក់,បាបារាំង,សណ្ឋាគារលំដាប់ផ្កាយ ក្នុងរាជធានីភ្នំពេញ ចំនួន .៣៨៣ទីតាំងមកប្រជុំជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ដើម្បីបញ្ជ្រាបការយល់ដឹង និងទប់ស្កាត់បទល្មើសគ្រឿងញៀន រួមទាំងការចុះកិច្ចសន្យាលើកិច្ចសន្យាសហការ និងធានាអះអាងចូលរួមប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ។

    ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំនោះថា ការទប់ស្កាត់បទល្មើសគ្រឿងញៀនចាំបាច់ត្រូវតែមានការចូលរួម សហការពីម្ចាស់អាជីវកម្មដ្ឋាន,ក្លិបកម្សាន្ត, សណ្ឋាគារ, ផ្ទះសំណាក់, ខារ៉ាអូខេ ទាំង .៣៨៣ទីតាំងក្នុងរាជធានីភ្នំពេញ និងត្រូវមានការយល់ដឹងពីច្បាប់ស្ដីពីគ្រឿងញៀន។

       ឯកឧត្ដម មាន  ចាន់យ៉ាដា បានបន្តថា ទីតាំងរបស់អស់លោក លោកស្រី គឺផុយស្រួយណាស់ងាយរអិលចូលទៅក្នុងបទល្មើសគ្រឿងញៀន បើយើងមិនបានយកចិត្តទុកដាក់ទប់ស្កាត់ទេនោះនេះជាវិធានការថ្មីមួយទៀតចំពោះម្ចាស់អាជីវកម្មដ្ឋាន, ក្លិបកម្សាន្ត, សណ្ឋាគារ,ផ្ទះសំណាក់ ក្នុងការចុះកិច្ចសន្យាចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន មានការចែកចាយ,ប្រើប្រាស់,ជួញដូរ ជាដើម ដែលចាំបាច់ត្រូវមានការចូលរួមសហការពីម្ចាស់ទីតាំងអាជីវកម្ម។ដោយឡែកបើម្ចាស់អាជីវកម្មមានអាជ្ញាបណ្ណហើយក្តីតែប្រព្រឹត្តផ្ទុយពីច្បាប់គឺត្រូវប្រឈមមុខច្បាប់ដូចគ្នា។    

     ឯកឧត្ដម មាន ចាន់យ៉ាដា បានរម្លឹកថា កន្លងមកនេះ មានម្ចាស់សណ្ឋាគារ, ផ្ទះសំណាក់, ក្លិបកម្សាន្ត និងម្ចាស់ទីតាំងខារ៉ាអូខេមួយចំនួនមានការធ្វេសប្រហែស មិនបានត្រួតពិនិត្យឱ្យានហ្មត់ចត់ទៅលើភ្ញៀវដែលចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដូចករណីខ្លះមានក្មេងស្ទាវមិនគ្រប់អាយុជាក្រុម ពពាក់ពពូនចូលដេកផ្ទះសំណាក់ជាដើម ដែលជាមុខសញ្ញាត្រូវយកចិត្តទុកដាក់ខ្ពស់។ ជាមួយគ្នានេះម្ចាស់ទីតាំងក្លិបកម្សាន្ត,ផ្ទះសំណាក់,សណ្ឋាគារក៏ត្រូវត្រួតពិនិត្យបុគ្គលិករបស់ខ្លួនដែលបម្រើការក្នុងទីតាំងអាជីវកម្មរបស់ខ្លួនដូចជាការ ពិនិត្យទឹកនោមរកសារធាតុញៀនជាដើម៕

ដោយសួស សំរិត