ឯកឧត្តម​ ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ទទួលពានរង្វាន់​ ក្នុងចំណោមជម្រើសបុគ្គលឆ្នើម១០០នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម​ ឡុង ឌីម៉ង់ និងអគ្គរដ្ឋទូតតេម៉ាឡា ត្រូវបានជ្រើសរើសក្នុងចំណោមបុគ្គលឆ្នើម១០០នាក់ ដើម្បីទទួលពានរង្វាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ជាមួយសាធារណរដ្ឋកូរ៉េ។

បើតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឯកឧត្តម​ ឡុងឌីម៉ង់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា “ក្នុងកិច្ចប្រឹងប្រែងសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងវប្បធម៌ជាមួយសាធារណរដ្ឋកូរ៉េ ឯកអគ្គរាជទូតកម្ពុជា និងអគ្គរដ្ឋទូតហ្គាតេម៉ាឡា ត្រូវបានជ្រើសរើសក្នុងចំណោមបុគ្គលឆ្នើម១០០នាក់ប្រចាំឆ្នាំ ដើម្បីទទួលពានរង្វាន់ទទួលស្គាល់ការខឹតខំនេះ ក៏ដូចជាដើម្បីជម្រុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យផ្សេងទៀត”។

ឯកឧត្តម​ ឡុង ឌីម៉ង់ បានបញ្ជាក់បន្ថែមថា “នេះមិនមែនគ្រាន់តែជាមោទនភាពសម្រាប់ខ្ញុំ និងក្រុមគ្រួសារផ្ទាល់ទេ តែជាកិត្តិយសដែលខ្ញុំសូមផ្តល់បន្តជូនទៅក្រុមការងារស្ថានទូតយើងទាំងមូល ដែលបានខឹតខំបំពេញភារកិច្ចរៀងខ្លួនប្រកបដោយឆន្ទៈខ្ពស់ និងមិនគិតពីការនឿយហត់ព្រមទាំងលក្ខ័ណ្ឌផ្សេងៗឡើយ។