រំដោះដីចំណីផ្លូវនៅមុខផ្សារកំពង់ស្ពឺ និងផ្សារថ្នល់ទទឹងដែលរំលោភលើដីចំណីផ្លូវជាតិលេខ៤

AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –បន្ទាប់ពីបានឈូសឆាយរំដោះដីចំណីផ្លូវជាតិលេខ៤របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅចំណុចផ្សារកំពង់ស្ពឺដោយជោគជ័យមក នៅថ្ងៃព្រហស្បតិ៍ ០១រោច ខែអស្សុជ ​ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដាក់គ្រឿងចក្រជាច្រើនគ្រឿងមកពង្រាយនៅមុខផ្សារថ្នល់ទទងបន្តទៀត ដើម្បីរំដោះដីចំណីផ្លូវជាតិលេខ៤ ពីសំណាក់ក្រុមអ្នកលក់ដូរយ៉ាងអនាធិបតេយ្យមកប្រគល់ទៅឱ្យអាជ្ញាធរស្រុកសំរោងទងថែរក្សាបន្ត។

លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានប្រាប់ AKPឱ្យដឹងនៅថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០១៨ថា កត្តាការកកស្ទះចរាចរណ៍ជាប្រចាំនៅមុខផ្សារកំពង់ស្ពឺ និងផ្សារថ្នល់ទទឹងដែលបង្កផលប៉ះពាល់មកពីការរំលោភយកដីចំណីផ្លូវជាតិលេខ៤ លក់ដូរយ៉ាងអនាធិបតេយ្យ។​ លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា​ ក្រោយពីរំដោះដីចំណីផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារទាំងពីរនេះ និងជួសជុសឱ្យបានស្អាតឡើងវិញ មន្ទីរសាធារណការនឹងប្រគល់ជូនអាជ្ញាធរក្រុងច្បារមន និងស្រុកសំរោងទង ដើម្បីឱ្យជួយថែរក្សាហើយធ្វើការអប់រំបងប្អូនប្រជាពលរដ្ឋឱ្យឈប់រំលោភយកដីចំណីផ្លូវធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់បន្តទៅទៀត។ លោកហុង ចាន់សុខា បានបញ្ជាក់ថា​ ការពិតដីចំណីផ្លូវនៅតាមបណ្តាទីប្រជុំជន ត្រូវបានបងប្អូនជាក្រុមអាជីវករមួយក្រុម បានយកទៅប្រើប្រាស់លក់ដូរដាក់តាំង សម្ភារផ្សេងៗដែលធ្វើឱ្យការធ្វើដំណើរមានការកកស្ទះចរាចរ ឈានទៅបាត់បង់សណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរជាញឹកញាប់ថែមទៀត ដូចនេះទាមទារឱ្យបងប្អូនជាអាជីវករត្រូវនាំគ្នាចូលរួមថែរក្សានិងប្រើប្រាស់ដីចំណីផ្លូវឱ្យសមស្រប ដើម្បីរក្សាបានសោភណភាពរួមទាំងទិដ្ឋភាពទីក្រុងស្អាតផងដែរ៕

ដោយ លឹម សាន្ត