មន្ទីរសុខាភិបាលខេត្តជំរុញឱ្យមន្ត្រីសុខាភិបាល ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ គ្រូពេទ្យ

AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –លោក វេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ AKPឱ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ០១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ថា បច្ចុប្បន្នលោកពិនិត្យឃើញថា មានប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ស្ពឺប្រមាណ ៨៥ភាគរយ បានមកទទួលសេវាពិនិត្យ ព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ដូចនេះមន្ទីរសុខាភិបាលបាននិងកំពុងជំរុញឱ្យមន្ត្រីសុខាភិបាលទូទាំងខេត្ត ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងពង្រីកគុណភាពសេវាព្យាបាលជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោក វេជ្ជបណ្ឌិត អោ វ៉ាន់ថេន មានប្រសាសន៍ថា ការយកចិត្តទុកដាក់ទៅលើសេវាព្យាបាលជំងឺនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើននូវភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើសេវារបស់រដ្ឋយើង ជាការចាំបាច់គ្រូពេទ្យត្រូវគោរព និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈគ្រួពេទ្យ។ លោកវេជ្ចបណ្ឌិតបានបន្តទៀតថា គ្រូពេទ្យមានតួនាទីសំខាន់បំផុតក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ សុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូច្នេះយើងត្រូវមានការទំនូលខុសត្រូវខ្ពស់ ទាំងចំណេះ ជំនាញ និងបទពិសោធន៍ ធ្វើអ្វីមួយត្រូវមានការប្រុងប្រយ័ត្នជានិច្ច ពិសេសត្រូវចាត់ទុកថា អ្នកជំងឺដូចជាសមាជិកគ្រួសាររបស់យើងមួយរូបផងដែរ។

លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ទៀតថា  មន្ទីរសុខាភិបាលខេត្តតែងតែពិនិត្យតាមដាមមើល​ពីការវិវឌ្ឍ ឬការរីកចម្រើនរបស់ក្រុមគ្រូពេទ្យទូទាំងខេត្ត ដើម្បីបញ្ជាក់ឱ្យឃើញថា «រាល់ការពិនិត្យ ព្យាបាលរបស់គ្រូពេទ្យយើង​ ជូនប្រជាពលរដ្ឋ គឺស្មើៗគ្នា ទោះមាន ក្រ ឬគិតថ្លៃ និងឥតគិតថ្លៃក្តី ខ្លះប្រើប្រាស់នូវប័ណ្ណ ប...ខ្លះទៀតប្រើប្រាស់នូវប័ណ្ណមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល គឺពួកគាត់ទទួលបានការព្យាបាលដូចនឹងអ្នកមកបង់ថ្លៃដែរ។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប័ណ្ណ មូលនិធិសមធម៌ និងកម្មករ កម្មការិនី ដែលមានប័ណ្ណ ប... ត្រូវថែរក្សាសុខភាពជាប្រចាំ ហើយបើមានស្ថានភាពមិនស្រួល សូមមកទទួលសេវាពិនិត្យសុខភាពនៅមន្ទីរពេទ្យរដ្ឋ មិនអស់ថវិកាព្យាបាលទេ ហើយគ្រូពេទ្យនឹងយកចិត្តទុកដាក់ដល់បងប្អូនដូចនឹងអ្នកបង់ថ្លៃសេវាព្យាបាលដូចៗគ្នា គឺមិនទុកបងប្អូនចោលនោះទេ ហើយមានចំណុចខ្វះខាតណាមួយ គ្រូពេទ្យយើងនឹងបំពេញជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕

ដោយ លឹម សាន្ត