មណ្ឌលសុខភាពឃុំទឹកជោ ទទួលបានថ្នាំពេទ្យអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –ថ្នាំពេទ្យចំនួន១២មុខដែលជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ​បានផ្តល់ជូនដល់មណ្ឌលសុខភាព ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីសម្រាប់ជួយផ្តល់សេវាព្យាបាលថែ ទាំសុខភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះឱ្យបានប្រសើរថែមទៀត

អំណោយថ្នាំពេទ្យដែលមានការវេចខ្ចប់ជាច្រើនកេសត្រូវបានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បាន នាំយក​ទៅប្រគល់ជូនដល់មណ្ឌលសុខភាពដោយផ្ទាល់កាលពីថ្ងៃព្រហស្បតិ៍១រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ​ព.ស៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨

លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថាដោយមានការយកចិត្តទុកដាក់ គិតគួរពីសុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជនបទដាច់ស្រយាលនោះ ឯក ឧត្តម​ ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានផ្តល់នូវថ្នាំពេទ្យទាំងនេះដល់មណ្ឌលសុខភាពឃុំ ទឹកជោ ដែលជាការជួយបំពេញបន្ថែមឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ សំដៅកាត់បន្ថយភាពក្រីក្រ របស់​ប្រជាពលរដ្ឋពិសេសនៅជនបទនោះ។

លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់នូវអំណោយថ្នាំពេទ្យដល់ មណ្ឌល​សុខភាពទឹកជោ ដែលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់​ថ្នាក់ដឹក នាំចំពោះសុខទុក្ខ​ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយតែងបានបញ្ជូនក្រុមគ្រូពេទ្យចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅគ្រប់ ទីកន្លែងទៀតផង

អភិបាលស្រុកព្រះនេត្រព្រះលោក ឃូ ពៅ ក៏បានក្រើនរម្លឹកទៅកាន់ក្រុមគ្រូពេទ្យនៅ​តាមមណ្ឌលសុខភាព ឱ្យបន្តការយកចិត្តទុកដាក់ប្រឹងប្រែងថែមទៀតក្នុងការបម្រើសេវា​សុខ ភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ដោយឈុន សារ៉ាត