គណៈរដ្ឋមន្ត្រីចាប់ផ្ដើមពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ –របៀបវារៈសំខាន់ៗចំនួន៣ ត្រូវបានគណៈរដ្ឋមន្ត្រីលើកយកមកពិភាក្សាក្នុងសម័យប្រជុំ​​ពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

របៀបវារៈទាំងនោះរួមមាន ១ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ២ សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ៣ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ៣. កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជាវៀតណាម និងកម្ពុជាឥណ្ឌូណេស៊ី ។ ៣.សន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស៊្សី ស្ដីពីបត្យាប័ន៕

ដោយជឹម ណារី