គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នឹងចាប់ផ្តើមអនុវត្តនៅចុងខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

កិច្ចសន្យាសាងសង់គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានចុះហត្ថលេខានៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

ប្រភពពីសាលារាជធានីភ្នំពេញបានអោយដឹងថា

កិច្ចសន្យានេះចុះហត្ថលេខាដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក Katsuhisa KIMURA នាយកចាត់ចែងទូទៅក្រុមហ៊ុន TOA Corporation ។

គម្រោងនេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដែលនឹងចាប់ផ្តើមអនុវត្តគម្រោងនៅចុងខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខ ។

គម្រោងដែលត្រូវអនុវត្ត រួមមានៈ

១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គម

២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គម

៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC

៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់

៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕