លោកជំទាវ ឃួន សុដារី ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមហាសន្និបាត លើកទី១០ នៃសន្និសីទអន្តរជាតិ ICAPP

(រុស្ស៊ី)៖ មហាសន្និបាតលើកទី១០នៃ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ដែលបានទទួលរៀបចំឡើងដោយគណបក្សរួបរួមជាតិរុស៊ីស (United Russia Party) ដែលជាគណបក្សកាន់អំណាច កំពុងដំណើរការចាប់ផ្តើមកម្មវិធីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងម៉ុស្គូ សហព័ន្ធរុស្សី។ មហាសន្និបាតនេះកំពុងត្រូវបានចូលរួមដោយប្រតិភូសំខាន់ៗចំនួន៤០០នាក់ មកពីគណបក្សនយោបាយអាស៊ីចំនួន៧០ ក្នុងប្រទេសចំនួន៣៦។

គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ លោកជំទាវ ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP)

មហាសន្និបាតនេះបញ្ជាក់ឡើងវិញនូវគោលបំណងរួមទាក់ទងទៅនឹងសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តន៍ សម្រាប់ប្រជាពលរដ្ឋនៃទ្វីបអាស៊ី ដោយឈរលើគោលការអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពផ្នែកនយោបាយ សមភាពរបស់រដ្ឋទាំងអស់ ការដោះស្រាយដោយសន្តិវិធីនូវជម្លោះជាតិនិងអន្តរជាតិ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងឯកភាពមតិនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសតួនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយនៅក្នុងការកាត់បន្ថយភាពតានតឹង សង្រ្គាម ការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម ការទប់ស្កាត់អំពើភេរវកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងការបង្កើត និងអភិវឌ្ឍន៍ចំណងមិត្តភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនៅក្នុងទ្វីបអាស៊ីទាំងមូល ។

លើសពីនេះមហាសន្និបាតទទួលស្គាល់ជាផ្លូវការជាថ្មីម្តងទៀតនូវតួនាទីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council—ACC) ដែលជាស្ថាប័នមួយរបស់ ICAPP និងកោតសរសើរចំពោះកម្ពុជាក្នុងការផ្តួចផ្តើម និងដឹកនាំរហូតសម្រេចបាននូវ កិច្ចសហប្រតិបត្តិការជាដៃគូរវាង ACC និងUNESCO។ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ហើយពិធីប្រកាសសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី១១-១២ ខែកុម្ភះ ឆ្នាំ២០១៩ នៅទីក្រុងភ្នំពេញ។
នៅថ្ងៃទី២៥ និង២៦ នេះ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាបាន និងកំពុងចូលរួមកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP ដែលបានចូលរួមដោយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន២៥រូប មកពី១៨ប្រទេស ដែលបានអនុម័តទៅលើវិធាននិងបែបបទការងាររបស់ACC ព្រមទាំងកិច្ចប្រជុំលើទី៤នៃសម្ព័ន្ធយុវជនICAPP កិច្ចប្រជុំលើកទី៤នៃវេទិការសារព័ត៌មានICAPP កិច្ចប្រជុំលើទី៥នៃសម្ព័ន្ធស្រ្តីICAPP និងកិច្ចប្រជុំលើកទី១នៃគណៈកម្មការសម្របសម្រួលរវាង ICAPP-COPPPAL-CAPP។