សហគមន៍កសិកម្ម សំបូរមានជ័យ ខេត្តកំពង់ចាមទទួលជោគជ័យលើការនាំ ចេញ ស្លឹកគ្រៃនិងល្ហុង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

សហគមន៍កសិកម្ម សំបូរមានជ័យ ដែលស្ថិតនៅឃុំសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននាំ ចេញស្លឹកគ្រៃ ក្នុងមួយថ្ងៃ ចំនួន៣,តោន កន្លះ និងល្ហុង ពី២តោនទៅ៣ តោន មកកាន់ទីផ្សារក្នុងរាជធានីភ្នំពេញ។

លោក ឆាយ ថុន ប្រធានសហគមន៍កសិកម្ម សំបូរមានជ័យ បានអោយដឹងថា ចាប់តាំងពីបង្កើតចេញសហគមន៍ មកមានការចូលរួមពីប្រជាកសិករជាច្រើនគ្រួសារ ដែលគម្រោងដំបូងមានដើមទុនត្រឹមតែ ៨លានរៀល ប៉ុណ្ណោះ រហូតមកដល់ពេលនេះ សហគមន៍សំបូរមានជ័យ មានការរីកចម្រើនដល់ ១១៧៦លានរៀល និងទទួលបានភាពជោគជ័យច្រើន ទោះពីមុនមក កសិករធ្លាប់មានផ្ទៃដីនៅជុំវិញផ្ទះទំនេរក៍ដោយ តែបច្ចុប្បន្នផ្ទៃដីទំនេរទាំងអស់នោះ បានប្រែក្លាយទៅជាផ្ទៃដីដាំដំណាំស្លឹកគ្រៃ និងដំណាំផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ។

លោកបន្តថា ខាងសហគមន៍មានជ័យ គឺជាអ្នកសិក្សារកទីផ្សារ និងដឹកជញ្ជូនយកទៅលក់នៅលើទីផ្សារក្នុងរាជធានីភ្នំពេញ ជូនប្រជាកសិករ និងបានបង្ហាញពីបច្ចេកទេសដាំដុះ និងថែរទាំដើម្បីធ្វើយ៉ាងណាធានាសុវត្ថិភាពដល់អ្នកបរិភោគ ដោយមិនប៉ះពាល់ដល់សុខភាពឡើយ។

បន្ទាប់ពីសាកសួរ ដល់បណ្តា សហគមន៍នានាក្នុងខេត្តកំពង់ចាមចំនួន ២៨សហគមន៍ក្នុងពិធី ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង លើការងារគ្រប់គ្រង និងប្រតិបត្តិការមុខរបររវាងសហគមន៍និងទីផ្សារ រួចមក ឯកឧត្តម គួច ចំរើនអភិបាលខេត្តកំពង់ចាម បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់សហគមន៍ ដោយកន្លងមកសហគមន៍បានដឹងរួចមកហើយថាទីផ្សាបច្ចុប្បន្ននៅផ្សារដើមគ តម្រូវការ ស្លឹកគ្រៃប្រមាណជា ៧០តោនក្នុង១ថ្ងៃ។

ឯកឧត្តម បានណែនាំអោយសហគមន៍ ផ្តោតលើការដាំដុះស្លឹកគ្រៃបន្ថែមទៀតដើម្បីផ្គត់ផ្គង់ដល់ទីផ្សារខណះការ នាំចេកចេញពីខេត្តកំពង់ចាមសំរាប់ផ្សារម៉ាក្រូ ក្នុងមួយខែ ១០០០ស្ទង ឪឡឹក ក្នុងមួយខែ ៥០០០ផ្លែ និងម្នាស់ ក្នុងមួយខែ ចំនួន៥០០ផ្លែ ៕