ស្ថានទូតហូឡង់ប្រចាំប្រទេសសិង្ហបុរី ឈ្វេងយល់ការងារវិនិយោគអភិវឌ្ឍន៍ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក Ernesto  Braam ទីប្រឹក្សាយុទ្ធសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ នៃស្ថាន ទូតហូឡង់ ប្រចាំប្រទេសសិង្ហបុរី បានចូលជួបសម្តែងការគួរសម ជាមួយលោកឈិន សេងងួន អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណង ពិភាក្សាការងារស្ដីពីការងារវិនិយោគ អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ និងព័ត៌មានពាក់ព័ន្ធ អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោក ឈិន សេងងួន អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ ជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ មានកុងតឺន័រឆ្លងកាត់ប្រមាណ ៧០ភាគរយ ជាតំបន់ឧស្សាហកម្ម កសិកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកខេត្តព្រះសីហនុ ជាបំពង់ករសេដ្ឋកិច្ច និងជាតំបន់សេដ្ឋកិច្ចគំរូ ពហុបំណងធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ រូមមាន ១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ ផែស្វយក្រុងព្រះសីហនុ, ២.តំបន់សេដ្ឋកិច្ចពិសេស Adwood នៅស្រុកស្ទឹងហាវ, ៣.តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ និងទី៤. តំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រជាង១០០ ស្រូបយកកម្លាំងពលកម្មជិត ៣ម៉ឺននាក់ កំពុងបម្រើ ការងារសព្វថ្ងៃនេះ។

លោកបានបន្តថា នៅខេត្ដព្រះសីហនុមានគម្រោងវិនិយោគសរុបចំនួន ១៣៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៩.៤០៤លានដុល្លាអាម៉េរិក បច្ចុប្បន្នកំពុងដំណើរការ ៩៥គម្រោង មានទុនវិនិយោគ ៦.៧៤៤លានដុល្លាអាម៉េរិក មិនដំណើរការ ៤២គម្រោង ទុនវិនិយោគសរុប ២.៥៧៤លាន ដុល្លាអាម៉េរិក និងលុបចេញ ៣គម្រោង ទុនវិនិយោគ ៨៥.៩៧លានដុល្លាអាម៉េរិក។

លោក Ernesto Braam ទីប្រឹក្សាយុទ្ធសាស្រ្ត តំបន់អាស៊ីអាគ្នេយ៍ នៃស្ថានទូតហូឡង់ ប្រចាំប្រទេសសិង្ហបុរី បានកោតសរសើរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ខិតខំបំពេញការងារ ពិសេសការទាក់ទាញអ្នកវិនិយោគិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ យ៉ាងគំហុ រយៈពេល ២ឆ្នាំចុងក្រោយនេះ ធ្វើឱ្យកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។

លោកសង្ឃឹមថា នៅពេលខាងមុខខេត្តព្រះសីហនុ នឹងក្លាយជាគោលដៅទេស ចរណ៍ វិនិយោគយ៉ាងមមាញឹក ធ្វើឱ្យមានការចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ និងទេស ចរមកកាន់ខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀតជាក់ជាមិនខាន៕

ដោយ ងូ សុមុនី