រដ្ឋបាលខេត្តពោធិ៍សាត់ ចែកស្រូវពូជជាង៧៧តោនដល់ប្រជាពលរដ្ឋ៤ឃុំនៅស្រុកកណ្តៀង

AKP ពោធិសាត់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –ស្រូវពូជរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះ មហន្តរាយនិងប្រព័ន្ធត្រៀមបម្រុងកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវ បានរដ្ឋបាលខេត្តពោធិ៍សាត់ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន៤ឃុំនៅក្នុងស្រុកកណ្តៀង ដែល មានលទ្ធភាពស្តាឡើងវិញបន្ទាប់ពីគ្រោះរាំងស្ងួត និងទឹកជំនន់បឹងទន្លេសាប កាលពីថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៨។

លោក ឆាយ គឹមម៉ុង អភិបាលនៃគណអភិបាលស្រុកកណ្តៀង បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០១៨ នេះការងារបង្កបង្កើនផលសម្រេច បានជាង២១ពាន់ហិកតាក្នុងនោះស្រូវប៉ះពាល់អស់ជាង៤ពាន់ហិកតា និងខូចខាតអស់ជាង ៣ពាន់ហិកតា នៅសល់ផ្ទៃដីប្រមូលផលស្រូវជាង១៨ពាន់ហិកតា និងត្រៀមស្តាឡើងវិញជាង៩ពាន់ហិកតា។ ជាមួយគ្នានោះដែរស្រុក កណ្តៀងទទួលបានពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើពិធីចែកពេលនេះ មានចំនួន៧៧តោន៦៥០គីឡូក្រាមក្នុង នោះ ពូជស្រូវសែនក្រអូបចំនួន៥៤តោន៨៥០គីឡូក្រាមនិងពូជស្រូវអ៊ីអ៊ែ៦៦ចំនួន២២តោន៨០០គីឡូក្រាម សម្រាប់ឃុំចំនួន៤ឃុំ គឺឃុំស្រែស្តុក ឃុំស្យា ឃុំកណ្តៀងនិងឃុំកញ្ជរដែលមានប្រជាពលរដ្ឋចំនួន ១.៥៥៣គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានស្រូវ ពូជ៥០គីឡូក្រាមនិងគ្រាប់ពូជបន្លែ២កញ្ចប់។

 លោក សុទ្ធ គឹមកុលមុនី តំណាងគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ ដែលបានអញ្ជើញចូលរួមចុះចែកស្រូវពូជផ្ទាល់ ទាំង៤ឃុំ បានថ្លែងថា ផ្តើមចេញពីការគិតគូ ដោះស្រាយនិងយកចិត្តទុកដាក់ ចំពោះសុខទុក្ខនិងស្ថានភាពរស់នៅរបស់ ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតដោយសារគ្រោះអម្មជាតិ ធ្វើឱ្យលិចលង់ ដំណាំស្រូវ បណ្តាលមកជំនន់ទឹក ភ្លៀងនិងជំនន់ ទឹកបឹងទន្លេសាប រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ ពូជស្រូវនិងគ្រាប់ពូជបន្លែជូនដល់បងប្អូនប្រជាពលរដ្ឋណាដែល មានលទ្ធភាពស្តា ឡើងវិញនៅគ្រប់ទីកន្លែងទូទាំងប្រទេស។

លោកបន្តថា ជាក់ស្តែងថ្ងៃនេះនៅក្នុងស្រុកកណ្តៀងមាន៤ឃុំគឺឃុំស្រែស្តុក ឃុំស្យា ឃុំកណ្តៀង និងឃុំកញ្ជរដែលមានចំនួន១,៥៥៣គ្រួសារ បានមកទទួលយកស្រូវពូជ ក្នុងមួយគ្រួសារ ទទួលបាន៥០គីឡូក្រាម អស់ស្រូវពូជចំនួន៧៧តោន៦៥០គីឡូក្រាម និងគ្រាប់ពូជបន្លែ ដើម្បីបន្តការដាំដុះឡើងវិញក្រោយពីទឹកស្រក។ មានតែ ការអនុវត្តបែបនេះទេទើបធ្វើឱ្យជីវភាពរបស់បងប្អូនប្រជាកសិករ បានរួចផុតពីភាពក្រីក្រ ហេតុនេះក្នុងគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយនិងរដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាកសិករគប្បីយកពូជស្រូវនិងគ្រាប់បន្លែទាំងនេះធ្វើការសាបព្រោះ ដាំដុះឱ្យបានគ្រប់តំបន់គោលដៅនិងក្រុមគ្រួសារសំដៅធ្វើយ៉ាងណាឱ្យជីវភាពរបស់ បងប្អូនកាន់តែធូរធាមួយកម្រិតទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះដែរ លោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងមាន ការចូលរួមពីមន្ត្រីសាលាក្រុងមួយចំនួនទៀត បានអញ្ជើញចុះចែកស្រូវពូជ និងគ្រាប់ បន្លែនេះចំនួន២កន្លែង គឺនៅសាលាបឋម សិក្សាដូនអី ក្នុងសង្កាត់ចម្រើនផល ដែលមានស្រូវពូជចំនួន៨តោន៨០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ១៧៦គ្រួសារ និងនៅវត្តវាល សង្កាត់លលកស ស្រូវពូជចំនួន១១តោន៥៥០គីឡូក្រាម ប្រជាពលរដ្ឋចំនួន២៣១គ្រួសារ៕ 

ដោយ ណៅ ធឿន