តំបន់អេកូទេសចរណ៍ ទឹកធ្លាក់ចាក់អង្រែ នៅលើខ្នងភ្នំត្បែងមានជ័យខេត្តព្រះវិហារ កំពុងទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​ លោក​ ចន​ ណារិទ្ធ​​៖

បច្ចុប្បន្ននេះតំបន់អេកូទេសចរណ៍ ទឹកធ្លាក់ចាក់អង្រែ និងទឹកធ្លាក់ច្រើនកន្លែងទៀត ដែលឋិតនៅលើខ្នងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានចម្ងាយពីទីប្រជុំជនក្រុងព្រះវិហារ ប្រមាណជិត២០គីឡូម៉ែត្រ កំពុងទាក់ទាញភ្ញៀវទេសចរ មកពី គ្រប់ទិសទី ជាពិសេសយុវវ័យ នាំគ្នាជាក្រុម ឡើងមកលេងកម្សាន្ត និងបោះជំរុំស្នាក់នៅ ជា ហូរហែរ ។ ប៉ុន្តែការធ្វើដំណើរឡើងទៅកាន់ តំបន់អេកូទេសចរណ៍មួយ មានការលំបាកយ៉ាងខ្លាំង ដោយដើរថ្មើរជើងឡើងកាត់តាមផ្ទាំងថ្ម រអាង និងព្រៃឈើ ប្រមាណជិត៨គីឡូម៉ែត្រ ពីជើងភ្នំ ទើបទៅដល់ទឹកធ្លាក់ចាក់អង្រែ ។

លោក ចាន់ វ៉ាន់ណូ ប្រធានសហគមន៍ព្រៃឈើ សេដ្ឋកិច្ចរុងរឿងបានអោយដឹងថា ដើម្បីឲ្យមានភាព ងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកម្សាន្តនៅទីនោះ ខាងសហគមន៍របស់លោក បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ជួយកែលម្អផ្លូវឡើងភ្នំ ជាពិសេសបង្កើតឲ្យមានបង្កាន់ដៃ នៅតាមផ្លូវឡើងដែលមាន សភាពចោទខ្លាំង ការពារដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្ត និងត្រួសត្រាយផ្លូវឲ្យបានស្អាតដើម្បី ដើម្បីបង្កើនបរិមាណ ភ្ញៀវទេសចរ មកលេងកម្សាន្តកាន់តែច្រើន និងបានប្រាក់ចំណូលដល់សហគមន៍ព្រៃឈើនៅទីនោះមួយផ្នែក ពីការនាំភ្ញៀវទៅកម្សាន្ត ជាដើម ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងថា នៅពេលខាងមុខនេះ អង្គការ GIZ និងមន្ទីរជំនាញ នឹងចុះទៅដល់សហគមន៍នីមួយៗផ្ទាល់ ដើម្បីពិនិត្យថា នឹងត្រូវជួយលើផ្នែកអ្វីខ្លះដល់សហគមន៍ទេសចរណ៍ទាំងអស់នោះ ៕