ខេត្តព្រះសីហនុបើកសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –នៅសាលាខេត្តព្រះសីហនុ បានបើកសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារ សាធារណៈ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ  ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា គិតត្រឹមបំណាច់ខែតុលាឆ្នាំ២០១៨ ខេត្តព្រះសីហនុ មានមន្ត្រីរាជការសរុបចំនួន ៣.៤៧៣នាក់ ក្នុងនោះស្រីចំនួន ១.២៩៥នាក់ មន្ត្រីរាជការក្របខណ្ឌប្រភេទ ក មានចំនួន ៩០៣នាក់ ស្រី ២២១នាក់, ក្របខណ្ឌប្រភេទ ខ មានចំនួន ១.២៩០នាក់ ស្រី ៤០៥ នាក់ និងក្របខណ្ឌប្រភេទ គ ចំនួន១.២៨០នាក់ ស្រី៦៦៩នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន២២៧នាក់ ស្រីចំនួន ៨៨នាក់។ រដ្ឋបាលខេត្តបានបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ ប្រាក់ឧបត្ថម្ភជូនក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់បានទាន់ពេលវេលាក្នុងខែទីមួយតាមប្រព័ន្ធអេឌីធឹម ។ ការដំឡើងថ្នាក់ និងឋានន្តរស័ក្កិ ការតែងតាំងមុខតំណែង និងបញ្ចប់តំណែង និងការប្រគល់ភារកិច្ចជូនមន្រ្តីរាជការរៀបចំបម្រែបម្រួលផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការស៊ីវិលខេត្តព្រះសីហនុ បានដំណើរការដោយ រលូនទាន់ពេលវេលាប្រកបដោយតម្លាភាព។

ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍បើកសិក្ខាសាលាថា សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលពិតជាមានសារៈសំខាន់ ស្របតាមគោល នយោបាយកំណែទម្រង់វិសយ័ទាំងបី  របស់រាជរដ្ឋាភិបាល ពិសេសលើវិស័យកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលផ្តល់សិទ្ធិអំណាចដល់ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្នាក់ក្រោមជាតិ និងសេចក្តីណែ នាំនីតិវិធីណែនាំការគ្រប់គ្រងមន្ត្រីរាជការ ស៊ីវិល និងការរិយាល័យជំនាញ និងសេចក្តីណែនាំស្តីពីការគ្រប់គ្រងមន្ត្រីរាជការ ស៊ីវិលនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមបានបន្តថា សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធ នឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល កាន់តែស៊ីជម្រៅតាមគោលការណ៍បែបបទ និងនីតិវិធីគ្រប់គ្រង ការបញ្ចប់មន្ត្រីរាជការ ស៊ីវិល និងការគ្រប់គ្រងបុគ្គ លិកនៅថ្នាក់ក្រោមជាតិ តាមមន្ទីរខ្សែបណ្តោយកាន់តែមានប្រសិទ្ធភាព។

រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ ក្នុងចក្ខុ វិស័យ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលភូមិ សង្កាត់ ដែលមានអភិបាលកិច្ចល្អជាស្នូល នៃផែនការអភិវឌ្ឍន៍ជាតិ ដែលបានធ្វើប្រតិភូកម្ម ផ្តល់សិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារ សុខមាលភាពប្រជាពលរដ្ឋ ដោយអនុវត្តនូវក្រមសីលធម៌របស់មន្ត្រី បម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងការបំពេញការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ថែមទៀត៕

ដោយ ងូ សុមុនី