គម្រោងចំណាយរបស់រដ្ឋសភាសម្រាប់ឆ្នាំ២០១៩ មានការកើនឡើង បើធៀបនឹងឆ្នាំមុន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០១៨ –គម្រោងកញ្ចប់ថវិកាសម្រាប់ការចំណាយរបស់រដ្ឋសភាប្រចាំឆ្នាំ២០១៩ មានការ កើនឡើង,ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំចាស់។ នេះតាមប្រសាសន៍ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានលើកឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភាជាតិ

ឯកឧត្តម ឡេង ប៉េងឡុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការអញ្ជើញចូលរួមប្រជុំពីប្រធានគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា បានបើកកិច្ចប្រជុំលើរបៀបវារៈចំនួនមួយគត់ គឺការពិនិត្យសេចក្តីព្រាង គម្រោងកញ្ចប់ថវិការដ្ឋសភាប្រចាំឆ្នាំ២០១៩។

ពាក់ព័ន្ធនឹងកញ្ចប់ថវិការបស់រដ្ឋសភាឯកឧត្តម ឡេង ប៉េងឡុង បានលើកឡើងថា រដ្ឋសភាមានថវិកាស្វយ័ត ហើយថវិកានេះរៀបចំដោយអគ្គលេខាធិការរដ្ឋសភាទៅតាមគំនិត ណែនាំរបស់គណៈកម្មការទី២ គឺ«គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម» នៃរដ្ឋសភា។ គម្រោងកញ្ចប់ថវិកានេះបានចាប់ផ្តើមធ្វើតាំងពីក្រោយពេលបោះឆ្នោតសកលរួច រហូតមកដល់ពេលនេះបានសម្រេចជាស្ថាពរនូវគម្រោងថវិកានេះហើយ។ ថ្ងៃនេះកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តរួចរាល់ ហើយបន្ទាប់មកគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានឹងផ្ញើជូនទៅរាជរដ្ឋាភិបាលដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ពិនិត្យពិភាក្សាអនុម័ត នៅក្នុងកិច្ចប្រជុំពេញ អង្គរបស់គណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៦ ខែតុលាខាងមុខក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារដ្ឋមន្ត្រី នៅពេលគណៈរដ្ឋមន្ត្រីអនុម័ត រួចរាល់សេចក្តីព្រាង ច្បាប់ថវិកានេះនឹងបញ្ជូនមករដ្ឋសភាវិញនៅសប្តាហ៍ក្រោយ ដើម្បីបញ្ចូលក្នុងរបៀបវារៈ ប្រជុំសភាពេញអង្គនីតិកាលទី៦ ពិនិត្យពិភាក្សា និងអនុម័តឱ្យបានមុនដំណាច់ ឆ្នាំ២០១៨ខាងមុខនេះ

ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ថា គម្រោងថវិកាសម្រាប់ការចំណាយរបស់ រដ្ឋសភាប្រចាំឆ្នាំ២០១៩ មានការកើនឡើង ១,ភាគរយ បើធៀបទៅនឹងឆ្នាំចាស់  ដោយសាររដ្ឋសភាត្រូវធ្វើឱ្យមានសុគតភាពជាមួយនឹងព្រឹទ្ធសភា។ សុគតភាពនេះ គឺថាប្រាក់ពិធីបុណ្យផ្សេងៗមិនដូចរដ្ឋសភាទេ ខាងព្រឹទ្ធសភាគេគម្រោងខ្ពស់ជាង អីចឹងយើងត្រូវធ្វើឱ្យមានសុគតភាពជាមួយគ្នា។ មួយទៀតការកើនឡើងនេះ ដោយសារយើងអនុវត្តន៍តាមគោលការណ៍កំណែទម្រង់របស់រដ្ឋ មន្ត្រីរាជការស៊ីវិលប្រាក់បំណាច់មុខងារត្រូវបានឡើងជាង ១០ភាគរយ អីចឹងតម្រូវឱ្យយើងមានកាដំឡើងប្រាក់មុខងារមន្ត្រីរាជកាឱ្យកើន ១០ភាគរយ ដូចគោលការណ៍របស់គណៈរដ្ឋមន្ត្រីដែរ។ ក្រៅពីនេះប្រាក់មន្ត្រីរាជការមានការកើនឡើងនេះក៏ដោយសារតែយើងសម្របសម្រួលក្របខ័ណ្ឌ ដូចយើងជ្រាបស្រាប់ហើយតាំងពីពីរ ឆ្នាំមុនមកម៉្លេះ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ប្រព័ន្ធមុខងារសាធារណៈ លុបក្របខ័ណ្ឌ ចេញ ប៉ុន្តែត្រូវឡើងក្របខ័ណ្ឌឡើងប្រាក់ខែទាំងអស់ តម្រូវឱ្យអនុវត្តន៍ពីឆ្នាំនេះទៅដែរ ដូច្នេះហើយបានជាការចំណាយមានការកើនឡើង។

ម៉្យាងទៀតរដ្ឋសភាត្រូវការធ្វើការជួសជុល និងការផ្លាស់ប្តូរប្រព័ន្ធបច្ចេកទេសក្នុង សាលប្រជុំរដ្ឋសភា និងការចំណាយសម្រាប់រៀបចំកិច្ចប្រជុំសភា អាស៊ីប៉ាស៊ីហ្វិក ដែលសភាកម្ពុជាទទួលធ្វើជា ម្ចាស់ផ្ទះ ហើយត្រូវរៀបចំធ្វើនៅខេត្តសៀមរាប នាពាក់កណ្តាល ខែមករា ឆ្នាំ២០១៩  

ដោយ ប៉ាល់ សុង