ក្លិបភ្នំពេញក្រោន តែងតាំងអតីតគ្រូជម្រើសជាតិកម្ពុជាមកដឹកនាំក្រុម សម្រាប់លីគកំពូលកម្ពុជា រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –លោក Luis Leonardo Vitorino ជនជាតិប្រេស៊ីល ដែលជា​អតីតគ្រូបង្គោលក្រុមបាល់ ទាត់ជម្រើសជាតិកម្ពុជាបានមកដឹកនាំក្រុមបាល់ទាត់ភ្នំពេញក្រោន ត្រៀម​រដូវកាល​ថ្មី ​ឆ្នាំ​២០១៩ ខាង​មុខ តាមរយៈសេចក្តីប្រកាសជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មាន កាលពី ល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការក្លិបរបស់ខ្លួន។

ក្លិបភ្នំពេញក្រោនបានតែងតាំង Luis Leonardo Vitorino ជាគ្រូបង្គោល និងអតីតអគ្គលេខាធិការ លោក លី ហៀង ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លិប​ ខណៈប្អូនប្រុសរបស់ លោក Fernando Vitorino ត្រូវបានចាត់តំាងឱ្យមកធ្វើជាគ្រូបង្វឹកអ្នកចាំទីឈុតធំនេះដែរ។ ក្រៅ​ពីនេះ​លោក ស៊ុំ វណ្ណា បានទទួល​ដំណែងថ្មី​ជាគ្រូ​ជំនួយ​ក្រុម​ឈុតធំ​ ដែល​ត្រូវ​បាន​ជ្រើសរើស​ផ្ទាល់​ដោយ​លោក Leonardo ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន​ ក៏នឹង​ក្លាយ​ជាអ្នក​ចាត់ការ​ទូទៅ​ក្រុម​ផងដែរ។ កាលពីការដឹកនាំរបស់ Leonardo ក្នុងក្រុមជម្រើសជាតិ កម្ពុជាឆ្នាំ២០១៧ គឺគ្រូបង្គោលរូបនេះត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ចប់ មុនកិច្ច សន្យាដោយសាដឹកនាំមិនទទួលបានលទ្ធផលល្អប្រសើរ នៅក្នុងការប្រកួតអន្តរជាតិនានា នាពេលកន្លងមក។

លោក Leonardo Vitorina និយាយដែរថា លោកសប្បាយចិត្តជាខ្លាំង ក្នុងការវិលមកកម្ពុជា ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោន ហើយលោកសូមអរគុណដល់អ្នកគាំទ្រ និងប្រជា ជនកម្ពុជាទាំងអស់ ដែលការវិលត្រឡប់មកប្រកបអាជីពបាល់ទាត់នៅកម្ពុជានាពេលនេះ គឺ ដោយសារតែអ្នកទាំងអស់គ្នានៅតែបន្តការគាំទ្រដល់រូបលោក។

ក្នុងដំណែងអ្នកចាត់ការទូទៅ លោក លី ហៀង បាននិយាយថា លោកពិតជាមានភាពរីករាយ ដែលក្លិប ភ្នំពេញក្រោនបានស្វាគមន៍គ្រូបង្វឹកថ្មី លោក Leonardo Vitorina ហើយវត្តមាន របស់គ្រូបង្គោលរូបនេះនឹងជួយ ដល់ការអភិវឌ្ឍបន្ថែមរបស់ភ្នំពេញក្រោន ក៏ដូចជាជួយជំរុញ ឱ្យវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនផងដែរ។

សូមរម្លឹកថា ការប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៨ ដែលទើបនឹងបញ្ចប់នោះ ភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ ក្រោយប្រកួតបាន២២លើក ឈ្នះ១១ប្រកួត ស្មើគ្នា ៣ប្រកួត និងចាញ់៨ប្រកួតដែលមាន៣៦ពិន្ទុ ខណៈពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៨នេះដែរ ភ្នំពេញក្រោនបានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ៕

ដោយ ហេង ណាលីន