សហព័ន្ធកីឡាគុនល្បុក្កតោគ្រោងបញ្ជូនអត្តពលិក ទៅបង្ហាញសមត្ថភាព នៅកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –សហព័ន្ធកីឡាល្បុក្កតោកម្ពុជាគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួន១ក្រុមមានចំនួន ៨នាក់ចេញ​ដំណើរ​ទៅប្រទេស​កូរ៉េខាងត្បូង ដើម្បី​ទៅ​ចូលរួម​ប្រកួត​ប្រជែង​លើ​ប្រភេទ​ក្បាច់​គុនជាមួយ​បណ្តា​ប្រទេស​ចំនួន២១ ដែលមាន​ក្បាច់​គុនវប្បធម៌​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ ឆ្នាំ២០១៨ ដែល​ត្រូវ​ធ្វើ​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ២០១៨។

លោក អ៊ូ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជាបានបញ្ជាក់ថា ​ការ​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិលើក​នេះ គឺជា​ពេល​វេលា​ដ៏ល្អ ដែល​គុន​ល្បុក្កតោ​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ក្បាច់​គុន​របស់​ខ្លូនឱ្យ​អន្តរជាតិបានមើល​ឃើញ ខណៈ​កម្ពុជា​កំពុង​ដាក់សំណើគុន​ល្បុក្កតោ ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិនៃអង្គការ យូណេស្កូ។ លោកបន្ថែមទៀតថា បានការ​ចូលរួម​លើកនេះ គឺគុនល្បុក្កតោ​កម្ពុជានឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន ដោយសារកម្ពុជា​មាន​ឱកាស​បង្ហាញ​នូវ​មរតក​វប្បធម៌​ផ្នែក​ក្បាច់​គុន​របស់របស់ខ្លួន នៅ​ក្នុង​កម្មវិធី​ដ៏​ធំ ​ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ​យូណេស្កូ លោកបានបន្ដថា​ពេលនេះ​កម្ពុជាកំពុង​ដាក់គុន​ល្បុក្កតោ ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ដោយគេរំពឹងថា អង្គការយូណេស្កូនឹង ប្រកាសជាផ្លូវការ នាឆ្នាំ២០១៩ ខាងមុខ។

អគ្គលេខាធិការរូបនេះបន្ថែមទៀតថា កម្ពុជា​មាន​ក្បាច់គុន​ជា​អត្តសញ្ញាណ​ជាតិ​ផ្ទាល់ខ្លួន តាំងពី​សម័យ បុព្វកាល ប៉ុន្តែយើងមានឱកាសចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិតិចតួច ទើបធ្វើឱ្យគេ​​មិន​សូវ​ស្គាល់​យើង ហើយ​ប្រទេស​ចំនួន ២០ ទៀត ក៏​គេ​បង្ហាញ​ពី​ក្បាច់​គុន​អត្ត​សញ្ញាណ​ជាតិ​របស់​គេ​ដែរ តែ​ប្រទេស​ដែល​គ្មាន​ក្បាច់​គុនជា​អត្ត​សញ្ញាណ គេ​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ឡើយ៕

ដោយ ហេង ណាលីន