ក្រសួង​ព័ត៌មាន​ ស្នើសុំឱ្យអ្នកសារព័ត៌មានចូលរួមទប់ស្កាត់ការផ្សាយព័ត៌មានក្លែងបន្លំ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –មន្រ្ដីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ បានស្នើសុំឱ្យអ្នកសារព័ត៌មានចូលរួមទប់ស្កាត់ការផ្សព្វផ្សាយ ព័ត៌មានក្លែងបន្លំ ស្របពេលដែល​កន្លងមក​ តាមបណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាស្ថាប័ន ផ្សព្វផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់​ និងមានការ ភានច្រឡំដល់សាធារណជន​ និងសង្គមទាំងមូល

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបើកសិក្ខាសាលា​ ស្ដីពីការប្រឆាំងព័ត៌មានក្លែង បន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា​ នាព្រឹកថ្ងៃទី​ ២៥​ខែតុលា ឆ្នាំ២០១៨ឯកឧត្តម​ មាស​ សុភ័ណ្ឌ​ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា​ តាមការសង្កេតឃើញនាពេលកន្លងមកនេះ ក៏ដូចជានាពេលថ្មីនេះ តាមបណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មិនពិត​ និងបំប៉ោងព័ត៌មាន ដែលធ្វើឱ្យប៉ះ ពាល់គ្រប់វិស័យ​ ទាំងវិស័យនយោបាយ​ វិស័យសេដ្ឋកិច្ច​ វិស័យវប្បធម៌​ និងសង្គមជាដើម។ ឯកឧត្តមបានបញ្ជាក់ថា បញ្ហាព័ត៌មានក្លែងបន្លំនេះ​ គឺជាបញ្ហារួមទាំងអស់គ្នា​ ទាំងអ្នកសារព័ត៌ មាន​ ប្រជាពលរដ្ឋ​ និងស្ថាប័នរាជរដ្ឋាភិបាល​ ត្រូវធ្វើការរួមគ្នា​ ដើម្បីដោះស្រាយ​ និងការពារ ទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាព។

​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ​បាន​ពន្យល់ថា ក្នុងនាម​ជា​ស្ថាប័ន​សារព័ត៌មាន​មួយ​ដែលមាន​តួនាទី​សំខាន់​នៅក្នុង​ប្រទេសមួយ សារព័ត៌មាន​ថ្មីៗ​បាន​មើល ឃើញ​ពី​ភាពចាំបាច់​ដែល​អ្នកកាសែត​ត្រូវមាន​ចំណេះដឹង និង​ពិសោធន៍​កាន់តែច្រើន​ទាក់ទង​នឹង​ការទប់ស្កាត់ ការ​ប្រយុទ្ធ​ប្រឆាំងនឹង​បាតុភូត​ព័ត៌មាន​ក្លែងបន្លំ​ដែល​បង្កឱ្យ​មាន​ចលាចល​នៅក្នុង​សង្គម​។ ោក​បន្តថា ហេតុដូច្នេះ​ហើយ​បានជាសារព័ត៌មាន​ថ្មីៗ​ខិតខំ​ស្វែង​ការគាំទ្រ​ពី​ស្ថាប័ន​ផ្សេងៗ​ដើម្បី​ស្វែងរក​លទ្ធភាព​រៀបចំ​ធ្វើ​វគ្គ​បណ្តុះបណ្តាល​ដល់​អ្ន​ក​សារព័ត៌មាន​ស្តីអំពី​ព័ត៌មាន​ក្លែងបន្លំ​នេះ​។​

ឯកឧត្តម​ មាស​ សុភ័ណ្ឌ ក៏បានលើកឡើងដែរថា រហូតមកដល់ពេលបច្ចុប្បន្ននេះ​ ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ​ ក្រសួងព័ត៌មាន​បានកំពុងរៀបចំ​ ប្រកាស រួមមួយដែលរួមមាន​ ក្រសួងព័ត៌មាន​ ក្រសួងប្រសណីយ៍​ និងទូរគមនាគមន៍ និងក្រសួង​មហាផ្ទៃ​ ដើម្បីត្រួតពិនិត្យ​ និងតាមដានទៅលើប្រភពនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ។ ឯកឧត្តមក៏បានអំពាវនាវ​ឱ្យអ្នកសារព័ត៌មាន​ និងការីនិពន្ធទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រម សីលធម៌ វិជ្ជាជីវៈ​ ក្នុងការផ្សព្វផ្សាយព័ត៌មានដែលពិត​ និងមិនបំផ្លើស ដើម្បីផ្ដល់អត្ថ ប្រយោជន៍ដល់ប្រជាពលរដ្ឋ​ និងសង្គមជាតិ៕

ដោយ ចាន់ សុធីវង្ស