អភិបាលខេត្តតាកែវ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវលំ ក្រាលក្រួសសចំនួន៥ខ្សែ នៅស្រុកទ្រាំង

AKP តាកែវ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨  -​ឯកឧត្តម​  អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានចូលរួមក្នុងពិធីបើក ការដ្ឋានស្ថាបនាផ្លូវលំក្រាលក្រួសសចំនួន៥ខ្សែ ដែលមានប្រវែងសរុប ​២២ ២៦១ម៉ែត្រ កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ។ ពិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់លោក​ លោកស្រី អភិបាល រងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តតាកែវ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ

នៅក្នុងពិធីនោះ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដលើក្រុមហ៊ុនធ្វើផ្លូវ ដែលដេញថ្លៃបានពីរដ្ឋ ហើយធ្វើការស្ថាបនាផ្លូវត្រូវធ្វើយ៉ាងណាស្ថាបនាផ្លូវឱ្យមានគុណភាព ទៅតាមស្តង់ដារដែលខ្លួនបានចុះកិច្ចសន្យា ជាមួយអាជ្ញាធរ។​ការកសាងផ្លូវត្រូវតែប្រកប ដោយគុណភាពដែលអាចទទួលយកបាន។​ ដូច្នេះក្រុមហ៊ុនដែលដេញថ្លៃបានត្រូវ មានការទទួលខុសត្រូវខ្ពស់ចំពោះអាជ្ញាធរខេត្តក្នុងការសាងសង់មិនត្រូវមានការលួចបន្លំស្តង់ដារដូចជា ចាក់គ្រួសស្តើងដែលនាំឱ្យផ្លូវឆាប់ខូចនោះទេ។

ឯកឧត្តម អ៊ូច ភា​ ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋានផងដែរ ត្រូវធ្វើការទប់ស្កាត់កុំឱ្យមានរថយន្តប្រភេទធំៗ បើកឆ្លងកាត់ចូលផ្លូវលំនេះ ព្រោះវាអាចបណ្តាលឱ្យឆាប់ខូចផ្លូវ។ ម៉្យាងទៀត ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវតែនាំគ្នាចូលរួមថែរក្សា និងជួសជុលផ្លូវលំនេះនៅពេលមានការខូចខាតបន្តិចបន្តួច មិនត្រូវទុកឱ្យផ្លូវមាន សភាពខូចខាតធ្ងន់ធ្ងរទើជួសជុលនោះទេ វានាំឱ្យខាតបង់ទាំងថវិកា និងពេលវេលារបស់ បងប្អូនប្រជាពលរដ្ឋផងដែរ។

តាមរបាយការណ៍របស់អាជ្ញាធរស្រុកទ្រាំងបានឱ្យដឹងថា ផ្លូវដែលស្ថាបនា ទាំង៥ខ្សែនោះ រួមមាន ខ្សែទី១ចាប់ពីកែង វត្តស្សីស្រុក ឃុំអង្គកែង ដល់ឃុំសន្លុង មានប្រវែង​៤ ៥០០ម៉ែត្រ។ ខ្សែទី២ចាប់ពី ខ្លោងទ្វារវត្តព្រះធាតុ ឃុំអង្គខ្នុរ ដល់ឃុំត្រឡាច មានប្រវែង ២ ៧៦១ម៉ែត្រ, ខ្សែទី៣ចាប់ពីភូមិកំពង់ជ្រៃ ឃុំស្មោង ទៅដល់ឃុំត្រឡាចមានប្រវែងចំនួន ៤ ៥០០ម៉ែត្រ, ខ្សែទី៤ ចាប់ពីវត្តមហារាជ ឃុំសំបូរ ដល់ឃុំធ្លក មានប្រវែង ៤ ៧០០ម៉ែត្រ និងខ្សែទី៥ ចាប់ពីភូមិអង្គតាភោគ ឃុំសន្លុង ដល់ភូមិរន្ទះ ឃុំអង្គប្រសាទ ស្រុកគីរីវង់ មានប្រវែង ៥ ៨០០ម៉ែត្រ។ ផ្លូវលំទាំង៥ខ្សែនេះមានប្រវែងសរុបចំនួន ២២ ២៦១ម៉ែត្រ កសាងដោយគម្រោងអនុវត្តន៍ការងារប្រចាំឆ្នាំ២០១៨ ដែលចំណាយអស់ទឹកប្រាក់ចំនួន ១ ៤០៨ ៦៤០​ ០០០រៀល(មួយពាន់ បួនរយប្រាំបីលាន ប្រាំមួយសែន បួនម៉ឺនរៀល) ៕

ដោយ អ៊ុច សៀង