ក្រសួងព័ត៌មានប្រគល់សម្ភារៈបច្ចេកទេសមួយចំនួនដល់អគ្គនាយកដ្ឋានក្រោមឱវាទដើម្បីបំរើឱ្យការផ្សព្វផ្សាយព័ត៌មាន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ប៉ុង សុភាវី ៖

ក្រសួងព័ត៌មានប្រគល់សម្ភារៈឧបករណ៍បច្ចេកទេស សម្រាប់ការផ្សាយជាច្រើន ដល់អគ្គនាយកដ្ឋានមួយចំនួនចំណុះ ឱ្យក្រសួងព័ត៌មាន ដើម្បីបំរើឱ្យការលើកកម្ពស់ ការផ្សព្វផ្សាយព័ត៌មាន ជូនដល់ប្រជាពលរដ្ឋ អោយកាន់តែទំលំទូលាយ។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានឲ្យដឹងថា ឧបករណ៍សម្ភារៈបច្ចេកទេស ដែលបានផ្តល់ជូនដល់ អគ្គនាយកដ្ឋាន មួយចំនួន រួមមាន អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ទទួលបាន កុំព្យូទ័រLaptop ២គ្រឿង អគ្គនាយក ដ្ឋានវិទ្យុជាតិកម្ពុជា ទទួលបាន មីក្រូហ្វូន ៣៤គ្រឿង កុំព្យូទ័រDesktop ៦គ្រឿង កុំព្យូទ័រLaptop ២គ្រឿង និងDrone ១គ្រឿង សម្រាប់បង្ហោះថតរូបភាពពីលើអាកាស អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ទទួលបាន Drone ១គ្រឿង អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ ទទួលបាន Laptop ២គ្រឿង និងDrone ១គ្រឿង​ អគ្គនាយក ដ្ឋានទូរទស្សន៏ជាតិកម្ពុជា ទទួលបាន កុំព្យូទ័រDesktop​២គ្រឿង និងDrone ២គ្រឿងផងដែរ​។

ឯកឧត្តម បានបញ្ជាក់ថា សម្ភារៈបច្ចេកទេសទំាងនេះ ក្រសួងព័ត៌មានទទួលបានពីក្រសួងព័ត៌មានប្រទេសចិន តាមរយៈក្រុមហ៊ុន China Radio & TV group for International Techno Ecomomic Cooperation CRTV កាលពីថ្ងៃទី១៩ ខែតុលាថ្មីៗនេះ។

ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្តីទីក្រសួងព័ត៌មាន បានមានប្រសាសន៏បញ្ជាក់ថា ឧបករណ៏ សំភារៈ ដែលជាជំនួយរបស់ក្រសួងព័ត៌មានប្រទេសចិន ផ្តល់ដល់ក្រសួងព័ត៌មានកម្ពុជា ទាំងអស់នេះសុទ្ធតែថ្មីៗ ទំនើបទាន់សម័យ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារផលិតព័ត៌មាន និងផ្សព្វផ្សាយ ព័ត៌មានទៅដល់ប្រជាពលរដ្ឋ។

ឯកឧត្តម បានណែនាំដល់គ្រប់បណ្តាអគ្គនាយកដ្ឋានទាំងអស់ដែលចំណុះឱ្យក្រសួងព័ត៌មាន ដែលទទួលបានសម្ភារៈទំាងនេះ ត្រូវធ្វើយ៉ាងណាថែរក្សានិងប្រើប្រាស់ឱ្យបានល្អត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីប្រើបានយូរអង្វែង។

ជាពិសេសសំភារៈ ឧបករណ៏ទាំងនេះ ទទួលបាន ស្របពេលដែលប្រទេសជាតិ កំពុងត្រៀមរៀបចំព្រឹត្តការណ៏ធំៗជាច្រើន ហើយក្រសួងព័ត៌មានជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់ លើកិច្ចការងារ ថតផ្សព្វផ្សាយ រាល់ព្រឹត្តការណ៍ទាំងអស់ឱ្យបានល្អបំផុត៕