រដ្ឋាភិបាលស្វ៊ីស ប្រកាសបន្ដគាំទ្រផ្ដល់ជំនួយបច្ចេកទេស និងបណ្ដុះ​បណ្ដាលធនធាន​មនុស្សជួយដល់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –ឯកអគ្គរដ្ឋទូតស្វ៊ីប្រចាំនៅកម្ពុជា បានអះអាងថា រដ្ឋាភិបាលស្វ៊ីនៅតែបន្តគាំទ្រផ្ដល់ជំនួយ បច្ចេកទេស និងបណ្ដុះបណ្ដាលធនធានមនុស្សជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង លើកកម្ពស់វិស័យអភិបាលកិច្ចល្អ និងការកែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការឱ្យបានកាន់ តែល្អប្រសើរបន្ថែមទៀត។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២៤ ខែតុលានេះ នៅទីស្ដីការ ក្រសួងមហាផ្ទៃ ឯកឧត្តម៊ីវ៉ូ ស៊ីបប័រ  ឯកអគ្គរដ្ឋទូតស្វ៊ីស ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការកែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការនេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្ទេរ ថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ហើយស្វ៊ីនឹងជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់ កម្ពុជាលើវិស័យកសិកម្ម និងវិស័យអភិបាលកិច្ចល្អ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលមានភាពតឹងតែងមួយចំនួន ទាក់ទងការផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំព្យាយាមឱ្យ សម្រេចបានទៅតាមកម្មវិធីជាតិនៅម​ឆ្នាំ២០២០ ខាងមុខនេះ។ សម្ដេចក្រឡាហោមបាន លើក ឡើងថា ក្រសួងមហាផ្ទៃ នឹងធ្វើការត្រួតពិនិត្យឡើងវិញនូវបញ្ហាផ្សេងៗ ដែលកើតមានឡើង ក្នុងការអនុវត្តក្នុងកម្មវិធីជាតិរយៈពេល១០ឆ្នាំកន្លងមក ដើម្បីត្រៀមធ្វើកំណែទម្រង់ជាបន្ដ បន្ទាប់ទៀត ជាពិសេសវិស័យអភិបាលកិច្ចល្អ

សម្ដេចក្រឡាហោមបានបន្ដថា ាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកអង្គការសង្គម ស៊ីវិលថា ជាដៃគូដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍប្រទេសជាតិ ខណៈពេលដែលរាជរដ្ឋាភិបាល មានគម្រោងជួបពិភាក្សាលើបញ្ហាប្រឈមជាមួយអង្គការសង្គមស៊ីវិ ២ដងក្នុងមួយឆ្នាំ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ កំពុងរៀបចំជាយុទ្ធនាការ នៃការ ជួបជុំជាមួយអង្គការសង្គមស៊ីវិល ដើម្បីផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិល និងក្រសួងមហា ផ្ទៃបានធ្វើការជជែកពិភាក្សាគ្នា និងលើកឡើង អំពីបញ្ហាប្រឈមក្នុងការអនុវត្តដំណើរការ របស់ខ្លួន

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់ប្រាប់ទៅឯកឧត្តម ឯកអគ្គរដ្ឋទូតស្វ៊ីសដែរថា សម្រាប់ការបោះឆ្នោតនីតិកាលទី៦នៃរដ្ឋសភា កាលពីពេលថ្មីនេះ គឺបាន ប្រព្រឹត្តទៅដោយ សេរីភាព ត្រឹមត្រូវ ស្របច្បាប់ និងគ្មានអំពើហិង្សាណាមួយកើតមាន ឡើងនោះទេ

ឯកឧត្តម ឯកអគ្គរដ្ឋទូតស្វ៊ីបានស្វាគមន៍ចំពោះយន្តការថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតជាបរិយាកាសឱ្យមានការចូលរួមបន្ថែមពីការអង្គការសង្គមស៊ីវិល និងកម្មវិធី កំណែទម្រង់ ផ្សេងៗ សំដៅចូល​រួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងពង្រឹងអភិបាលកិច្ចល្អ នៅកម្ពុជាឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម និងបានគាំទ្រចំពោះ យន្តការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានការជួបជុំរវាងអង្គការសង្គមស៊ីវិល និង ក្រសួងមហាផ្ទៃផងដែរ

ដោយ អ៊ុន រិទ្ធី