រដ្ឋមន្ត្រីការបរទេសស៊ីរីៈ ច្បាប់រដ្ឋធម្មនុញ្ញស៊ីរីគួរតែត្រូវបាន ធ្វើការសម្រេចដោយគ្មានការជ្រៀតជ្រែកពីបរទេស

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក វ៉ាលីដ អាល់- មួលឡេម ( Walid al –Muallem ) បាននិយាយពីថ្ងៃពុធថា ច្បាប់រដ្ឋធម្មនុញ្ញស៊ីរី គឺជារឿងអធិបតេយ្យភាពមួយ ដែលគេគួរតែធ្វើការសម្រេចដោយគ្មានការជ្រៀតជ្រែកពីបរទេស ។


លោក អាល់ មូលឡេម បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងកិច្ចប្រជុំរបស់លោក ជាមួយបេសកជនពិសេស អ.ស.ប សម្រាប់ប្រទេសស៊ីរី ដែលកំពុងធ្វើទស្សនកិច្ចលោក ស្តាហ្វហ្វាន ដឺមីស្ទូរ៉ា ( Staffan de Mistura ) ដែលបានទៅដល់រដ្ឋធានីដាម៉ាស់ កាលពីព្រឹកថ្ងៃពុធនេះ សម្រាប់ធ្វើកិច្ចចរចាស្តីពីការបង្កើត គណៈកម្មាធិការរដ្ឋធម្មនុញ្ញ ដើម្បីធ្វើពង្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោយសង្គ្រាមមួយក្នុងប្រទេសស៊ីរី​។

លោករដ្ឋមន្ត្រីបាននិយាយថា ច្បាប់រដ្ឋធម្មនុញ្ញ និងបញ្ហាដែលមានចាប់ទាក់ទងទាំងអស់ គឺជារឿងអធិបតេយ្យភាពមួយដែលគួរតែត្រូវបានធ្វើការសម្រេចដោយប្រជាជនស៊ីរី ដោយ​គ្មានការជ្រៀតជ្រែកពីបរទេសណាមួយ ។

លោកបាននិយាយបន្ថែមថា រដ្ឋាភិបាលស៊ីរីមានជាប់ទាក់ទងជាវិជ្ជមានជាមួយដំណើរការនៃការបង្កើតគណៈកម្មាធិការច្បាប់រដ្ឋធម្មនុញ្ញមួយ ដើម្បីធ្វើការពិភាក្សាច្បាប់រដ្ឋធម្មនុញ្ញនេះ ។
SANA រាយការណ៍ថា កិច្ចប្រជុំរវាងលោក អាល់ មូលឡេម និង លោក ស្តាហ្វហ្វាន ដឺមីស្ទូរ៉ា បាននិយាយទាក់ទងដល់កិច្ចប្រឹងប្រែងរួមដើម្បីជំរុញទៅមុខនូវមាគ៌ានយោបាយសម្រាប់សង្គ្រាមរយៈពេលជាង៧ ឆ្នាំក្នុងប្រទេសស៊ីរី ។

SANA បាននិយាយថា លោក អាល់ មូលឡេម បានលើកឡើងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលស៊ីរី ក្នុងការបន្តកិច្ចប្រឹងប្រែងរួមដើម្បីធ្វើឱ្យសម្រេចបាននូវដំណោះស្រាយនយោបាយមួយចំពោះវិបត្តិស៊ីរី ។

គណៈកម្មាធិការច្បាប់រដ្ឋធម្មនុញ្ញគេរំពឹងថា នឹងរួមមានសមាជិក១៥០នាក់ ដែលបានបែងចែកដោយស្មើភាពគ្នានៅក្នុងក្រុម៣, ដែលមួយជ្រើសរើសដោយរដ្ឋាភិបាល , ទី២ ដោយពួកប្រឆាំង នឹងទី៣ ដោយ លោក ស្តាហ្វហ្វាន ដឺមីស្ទូរ៉ា ខ្លួនលោកផ្ទាល់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )