ប៉ូលិសអេហ្ស៊ីបសម្លាប់ពួកសកម្មប្រយុទ្ធ១១នាក់ក្នុងវាលខ្សាច់ភាគខាងលិច

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ — ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសអេហ្ស៊ីបបានសម្លាប់ពួក សកម្មប្រយុទ្ធយ៉ាងហោចណាស់ ១១នាក់ កាលពីថ្ងៃពុធនេះនៅក្នុងការបាញ់តគ្នាមួយ ក្នុងវាលខ្សាច់ភាគ ខាងលិចរបស់អេហ្ស៊ីប ។


តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា ការបាញ់គ្នានេះ បានផ្ទុះឡើងនៅពេលដែលកងកម្លាំងសន្តិ សុខជាតិកំពុងបោសសំអាតតំបន់ដាច់ស្រយាល ក្នុងវាលខ្សាច់ភាគខាងលិចនៅក្នុងអាប់ភឺអេហ្ស៊ីប ដែល នៅទីនោះពួកភេរវជនធ្លាប់ប្រើប្រាស់ធ្វើជាកន្លែងលាក់ខ្លួន ។

កងកម្លាំងសន្តិសុខបានប្រមូលផ្តុំគ្នានៅក្បែរតំបន់ភ្នំក្នុងខេត្ត Assiut នឹងបានទម្លាយចូលទៅក្នុងជំរំ ពួកភេរវជននៅពេលដែលពួកគេកំពុងហ្វឹកហាត់ប្រើប្រាស់គ្រឿងផ្ទុះនោះ ។
ខ្សែក្រវាត់មានគ្រឿងផ្ទុះចំនួន៥, អាវុធស្វាយប្រវត្តិ៤ដើម, កាំភ្លើង៣ដើម នឹងផែនទីជាច្រើនត្រូវគេ រឹបអូសយកបាននៅក្នុងការវាយឆ្មក់នេះ ។

សកម្មភាពភេរវកម្មដែលមានមូលដ្ឋាននៅ Sinai បានចាប់ផ្តើមទទួលបានកម្លាំងបន្ទាប់ពីការទម្លាក់ អតីតប្រធានាធិបតីអ៊ីស្លាមនិយមអេហ្ស៊ីប លោក ម៉ូហាម៉េដ ម័រស៊ី ( Mohammed Morsi ) ដោយយោធាក្នុងឆ្នាំ ២០១៣ ក្នុងការឆ្លើយតបនឹងមហាតវាប្រឆាំងនឹងការគ្រប់គ្រងអំណាចមួយឆ្នាំរបស់លោក ។

ការវាយឆ្មក់កាលពីថ្ងៃពុធនេះ គឺជាផ្នែកនៃ « ប្រតិបត្តិការ Sinai ២០១៨ ដ៏ទូលំទូលាយ » ប្រឆាំងអំពើភេរវកម្មដែលបានបើកធ្វើកាលពីក្នុងខែកុម្ភៈ ដែលក្នុងនោះពួកសកម្មប្រយុទ្ធជាង ៤០០នាក់ នឹងទាហានជាង ៣០នាក់បានស្លាប់រហូតមកដល់ពេលនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)