កូរ៉េទាំងពីរ និងU N C នឹងបញ្ចប់ដំណើរការការដកអាវុធ នៅតំបន់សន្តិសុខរួមគ្នា( JSA)

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ — ពួកមន្រ្តីបាននិយាយថា កូរ៉េទាំងពីរ និងទីបញ្ជាការ អ.ស.ប ដែលដឹកនាំដោយអាម៉េរិក (UNC) នឹងបញ្ចប់ដំណើរការ នៃការដកហូតអាវុធ​នៅតំបន់សន្តិសុខរួមគ្នា (JSA) ក្នុងតំបន់ដែលគ្មានកងទ័ព(DMZ) នាថ្ងៃព្រហស្បតិ៍នេះ។

ពួកគេនឹងបញ្ចប់ការងារនៃការដកចេញនូវប៉ុស្តិ៍យោធា កងទ័ព និងអាវុធនានាចេញពី JSA នៅក្នុងតំបន់បណ្តោះអាសន្នដែលបែងចែកគ្នា​នៃកូរ៉េទាំងពីរ ក្នុងការភ្ជាប់ទៅនឹងកិច្ចព្រម​ព្រៀងអន្តរកូរ៉េកាលពីខែកន្លងទៅ ដែលមានបំណងក្នុងការកាត់បន្ថយភាពតានតឹង​នានា ដោយ​ការពារបាននូវជម្លោះជាយថាហេតុណាមួយ ព្រមទាំងជាការស្ថាបនាបាននូវជំនឿ​ទុកចិត្តគ្នាទៅវិញទៅមក។

នាថ្ងៃសុក្រ និងថ្ងៃសៅរ៍ខាងមុខនេះ ភាគីទាំងបីនឹងអនុវត្ត​នូវការងារត្រួតពិនិត្យរួមគ្នា​ដើម្បីធ្វើឱ្យប្រាកដថា JSA គឺបានដកអាវុធជាស្ថាពរហើយ។ នៅពេលនេះការដកហូតអាវុធគឺបានបញ្ចប់ ដោយប្រជាពលរដ្ឋកូរ៉េ និងភ្ញៀ​វ​ទេស​ចរណ៍​បរទេស​នឹងត្រូវបានគេអនុញ្ញាតឱ្យឆ្លងកាត់តាមការកំណត់ខ្សែបន្ទាត់ព្រំដែនយោធាមួយ ចាប់ពីម៉ោង​៩:០០នាទីព្រឹក រហូតដល់ម៉ោង៥:០០នាទីល្ងាច។ កូរ៉េខាងជើង និងខាងត្បូង​នឹងធ្វើការយាមល្បាតដែលមានកងយោធាប្រមាណ៣៥នាក់​ ដោយរួមមានទាំងពួកមន្រ្តី​០៥​នាក់ ដោយគ្មានអាវុធនៅទីនោះទេ។

កូរ៉េទាំងពីរបានចាប់ផ្តើមធ្វើការងារដោះមីនចំនួន២០ថ្ងៃ សម្រាប់ការដកអាវុធ​ដែលបាន​ចាប់ផ្តើម កាលពីថ្ងៃទី០១ ខែតុលាមក។ ពួកគេ និង UNC បានត្រួតពិនិត្យមើលនូវការងារ​បោសសំអាតមីន​នៅលើដីជាផ្លូវការ។

ភាគីទាំងបី បានគ្រោងនឹងពិភាក្សាគ្នាលម្អិតពីរបៀបក្នុងការបង្កើត និងប្រតិបត្តិការ​នូវឧបករណ៍រួមគ្នាមួយ​ដើម្បីរៀបចំ​ JSA បន្ទាប់ពីការដកហូតអាវុធរបស់ខ្លួន៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )