ពួកទេសចរចិនទៅហ្វីលីពីនក្នុងពេល៩ខែឆ្នាំនេះមានលើសពីចំនួនសរុបឆ្នាំកន្លងទៅ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ — ក្រសួងទេសចរណ៍ហ្វីលីពីនបាននិយាយពីថ្ងៃពុធថា ចំនួនពួកទេសចរចិនទៅកាន់ប្រទេសហ្វីលីពីនក្នុងអំឡុង៣ត្រីមាសដំបូងនៃឆ្នាំ ២០១៨ មានលើសពីចំនួនសរុបពេញមួយឆ្នាំ ២០១៧ ដែលឡើងទៅដល់ជាង៩៧០.០០០នាក់ ។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីរាយការណ៍មួយថា ពួកទេសចរចិនជាង៩៧២.៥៥០នាក់ បានទស្សនាប្រទេសហ្វីលីពីនក្នុង៣ត្រីមាសដំបូង ។ ក្នុងឆ្នាំ២០១៧ ហ្វីលីពីនទទួលបានពួកទេសចរចិន ប្រហែល ៩៦៨.០០០នាក់ សម្រាប់មួយឆ្នាំទាំងមូល ។

សេចក្តីរាយការណ៍បានបង្ហាញឱ្យឃើញថា ប្រទេសចិននៅតែជាប្រភពទេសចរដ៏ធំបំផុតទី២របស់ ហ្វីលីពីនជាមួយកំណើនយ៉ាងលឿន៣៤,៩ ភាគរយនឹងបរិមាណភាគមួយចំនួន១៨,១៤ ភាគរយនៃការមកដល់ ជាអន្តរជាតិសរុបនៅក្នុងពេល៩ខែដំបូងនៃឆ្នាំ ២០១៨ ។

សេចក្តីរាយកាណ៍បាននិយាយថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះពួកទេសចរអន្តរជាតិជិត ៥,៣៦លាននាក់បានមកទស្សនាប្រទេសហ្វីលីពីន ។ ប្រទេសកូរ៉េខាងត្បូងនៅតែជាប្រភពទេសចរណ៍កំពូលរបស់ហ្វីលីពីនដដែល ក្នុងអំឡុងពេល៩ខែ នេះ ជាមួយការមកដល់នៃពួកទេសចរ១,១៩លាននាក់ ។

ហ្វីលីពីន គឺជាគោលដៅទេសចរណ៍ ដែលល្អបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលមានកោះលំហែ កាយដែលល្បីបំផុតរបស់ពិភពលោកដូចជា Boracay Palawan Siargao ។ ទេសចរណ៍ឥឡូវនេះ បានក្លាយទៅជាឧស្សាហកម្មគាំទ្រយ៉ាងសំខាន់បំផុតមួយរបស់ហ្វីលីពីន ដែលបង្កើតបានការងារជាង៥,៣លាននាក់ ។

ក្នុងឆ្នាំ ២០១៧ ប្រទេសអាស៊ីអាគ្នេយ៍នេះ បានស្វាគមន៍ពួកទេសចរអន្តរជាតិ ៦,៦ លាននាក់ ដែលរួមចំណែកបាន ១២,២ភាគរយដល់ GDP របស់ប្រទេសនេះ ។ ប្រទេសហ្វីលីពីនមានបំណងជំរុញឱ្យទៅដល់គោលដៅ ៧,៤លាននាក់ នៃការមកដល់របស់ បរទេសនៅឆ្នាំនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)