អភិបាលខេត្តបន្ទាយមានជ័យជំរុញមន្ត្រីពាក់ព័ន្ធត្រូវរួមគ្នាពិគ្រោះយោបល់ ស្តីពី​​កម្មវិធីវិនិយោគបីឆ្នាំរំកិលឱ្យបានស៊ីជម្រៅ

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន បវរ បានក្រើនរម្លឹកដោយជំរុញមន្ត្រី ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានច្រើន ដើម្បី រៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលបានកាន់តែស៊ីជម្រៅដើម្បីធានាបំពេញតម្រូវការអភិវឌ្ឍរបស់មូលដ្ឋានចំគោលដៅមានតម្លាភាពនិងប្រសិទ្ធភាព

 

ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តម សួន បវរ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកា​ពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៩២០២១ របស់រដ្ឋបាលខេត្តបន្ទាយ មានជ័យ ​កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ​ដែលមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធមន្ទីរអង្គភាពអង្គការជាតិអន្តរជាតិវិស័យឯកជនជាច្រើន​រនាក់ដែល បង្ហាញពីស្មារតីចូលរួមនិងកិច្ចសហការល្អក្នុងការងារជំរុញអភិវឌ្ឍន៍ខេត្តឱ្យមាន​ការរីកចម្រើនថែមទៀត

ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា គោលបំណងនៃវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីឱ្យមន្ត្រីអ្នកពាក់ព័ន្ធទាំងអស់បានពិភាក្សាឱ្យបានស៊ីជំម្រៅលើខ្លឹមសារនៃសេចក្តីណែនាំស្តីពី​ការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលលិខិតបទដ្ឋាន នានាកញ្ចប់ថវិកាប្រចាំឆ្នាំសារៈសំខាន់នៃការចូលរួមកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឱ្យបានចំទិសដៅសំដៅធ្វើយ៉ាងណាជំរុញល្បឿនការអភិវឌ្ឍខេត្តឱ្យកាន់មានការរីកចម្រើនថែមទៀតដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

អភិបាលខេត្តបន្ទាយមានជ័យបន្តទៀតថា ជាការពិតណាស់ការអភិវឌ្ឍមិន មែនជាការងារដែលយើងអាចសម្រេចបានក្នុងរយៈពេល១ឆ្នាំឬ២ឆ្នាំឬក៏ខ្វះការចូលរួមបាននោះទេហើយការងារក៏ទាមទារនូវពេលវេលាយូរអង្វែងផងដែរក្នុងនោះត្រូវមានផែនការអនុវត្តច្បាស់លាស់និងគ្រប់ជ្រុងជ្រោយនិងមានកិច្ចសហប្រតិបត្តិការល្អពីថ្នាក់ជាតិស្ថាប័ននានាភាគីពាក់ព័ន្ធព្រមទាំងកៀរគរធនធានថវិកាសម្ភារឱ្យអស់លទ្ធភាពនិងមធ្យោបាយព្រោះថាការចូលរួមគឺជាកត្តាសំខាន់ដែលមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយការងារកសាងផែនការពិតជាមូលដ្ឋាន មួយដ៏មានសារៈសំខាន់ណាស់ក្នុង ការធានាធ្វើឱ្យប្រសើរដល់កិច្ចការអភិវឌ្ឍ​។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាយើងដែលមានសម្តេចអគ្គមហាសេនា បតីតេជោហ៊ុនសែនជាប្រមុខបានដាក់ចេញនិងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកំណែទម្រង់លើគ្រប់វិស័យដើម្បីជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ចបង្កើតការងារជូនប្រជាពលរដ្ឋធានាសមធម៌ក្នុងសង្គមនិងលើកស្ទួយប្រសិទ្ធភាពវិស័យសាធារណៈហើយគោលដៅនេះជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកប ដោយតម្លាភាពគណនេយ្យភាពបង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋលើ​ការដឹកនាំរបស់រាជរដ្ឋាភិបាល៕

ដោយឈុនសារ៉ាត