អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប នឹងប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ — គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ប្រទេសបាននិយាយពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ( Najib Razak ) នឹងប្រឈមមុខនឹងការចោទប្រកាន់បន្ថែមដែលទាក់ទងទៅនឹងការគ្រប់គ្រងមិនត្រឹមត្រូវមូលនិធិរដ្ឋាភិបាលនៅពេលដែលលោកស្ថិតនៅក្នុងមុខតំណែង ។

លោក ណាជីប ត្រូវបានសួរចម្លើយដោយគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ( MACC ) កាលពីថ្ងៃពុធនេះ ហើយគេរំពឹងថា នឹងប្រឈមមុខនឹងការចោទប្រកាន់បន្ថែម​ ព្រមជាមួយអតីតជំនួយការជាន់ខ្ពស់របស់លោក ២ នាក់ទៀត ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ MACC បាននិយាយថា ខ្លួនបានទទួលការ​អនុញ្ញាតឱ្យធ្វើការចោទ ប្រកាន់លោក ណាជីប ដែលក៏ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនៅពេលកាន់អំណាច ហើយនឹងអតីតអគ្គលេខាធិការរតនាគារលោក Mohd Irwan Serigar Abdullah គណៈកម្មការនេះបាននិយាយន្ថែមថា អ្នកទាំងពីរនេះត្រូវបានគេកោះហៅទៅកាន់ទីស្នាក់ការ MACC ដើម្បីបញ្ចប់ដំណើរការចុងក្រោយនៃការស៊ើបអង្កេតហើយនឹងធ្វើការចោទប្រកាន់ ព្រមទាំងនឹងប្រឈមមុខនឹងការចោទប្រកាន់លើការរំលោភលើជំនឿទុកចិត្តដែលមានជាប់ទាក់ទងដល់មូលនិធិដែលជារបស់រដ្ឋាភិបាលម៉ាឡេស៊ី ។

គេនៅមិនទាន់ដឹងទេថា តើមានការចោទប្រកាន់ប៉ុន្មានថែមទៀតនឹងត្រូវគេបន្ថែមនៅពេលលោក ណាជីប ត្រូវគេកោះហៅទៅកាន់តុលាការក្រុងគួឡាឡាំពួរ មួយនៅថ្ងៃព្រហស្បតិ៍នេះ ។
ដាច់ដោយឡែកពីនេះ MACC បាននិយាយថា អតីតអគ្គនាយកអង្គការចារកម្មក្រៅប្រទេសម៉ាឡេស៊ី ( MEIO ) លោកស្រី Hasanah Ah Hamid អតីតជំនួយការជាន់ខ្ពស់ម្នាក់ទៀតរបស់ លោក ណាជីប នឹងត្រូវគេចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍ពីបទរំលោភលើជំនឿទុកចិត្តទាក់ទងដល់ប្រាក់រដ្ឋាភិបាលម៉ាឡេស៊ី ។

MEIO គឺជាក្រុមចារកម្មមួយនៅក្រោមនាយកដ្ឋានរបស់នាយករដ្ឋមន្ត្រីក្នុងអំឡុងរដ្ឋការ លោក ណាជីប ហើយលោក Hasanah គេរាយការណ៍ថា បានប្រើប្រាស់មូលនិធិរាប់លានដែលមិនសមស្រប ។ លោកស្រី ក៏មានជាប់ពាក់ព័ន្ធផងដែរនៅក្នុងវិវាទកម្ម ចំពោះការសរសេរ​លិខិតមួយទៅឱ្យទីភ្នាក់ងារចារកម្ម កណ្តាលអាម៉េរិក នៅមុនការបោះឆ្នោតទូទៅកាលពីក្នុងខែឧសភា ដើម្បីស្វែងរកការគាំទ្ររបស់អាម៉េរិកដល់ លោក ណាជីប ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )