រដ្ឋសភាកម្ពុជាជំរុញរដ្ឋគុយវ៉ែតមកវិនិយោគវិស័យពាណិជ្ជកម្មនិងទេសចរណ៍នៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេមហួត
ភ្នំពេញ៖រដ្ឋសភាកម្ពុជាជំរុញលើកទឹកចិត្តដល់ប្រជាជនរដ្ឋគុយវ៉ែតឲ្យមកវិនិយោគធ្វើពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជាឲ្យបានច្រើនដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា និងបង្កើនកិច្ចសហការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើង។
ក្នុងឱកាសអនុញ្ញាតិឲ្យលោកជំទាវ ហែន ស៊ូបៃ អាល់ ស៊ូបៃ(Hend Subaih B ALSUBAIH) រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃរដ្ឋគុយវ៉ែតនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នៅវិមានរដ្ឋសភា សម្តេច ពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាបានស្នើដល់ លោកជំទាវឲ្យជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់កម្ពុជាដល់ប្រជាពលរដ្ឋគុយវ៉ែតឲ្យបានមកកម្ពុជាដើម្បីទស្សនា និងធ្វើជំនួញផ្សេងៗនៅកម្ពុជាបន្ថែមទៀត ខណៈដែលកម្ពុជាមានសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ចខ្ពស់ជាមួយនឹងលក្ខ័ណ្ឌច្បាប់អនុគ្រោះលើកទឹកចិត្តដល់វិនិយោគទុនបរទេសផងដែរ។
សម្តេចប្រធានរដ្ឋសភាបានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរដ្ឋគុយវ៉េតលើគ្រប់វិស័យជាពិសេសអនុស្សរណៈយោគយល់នៃការបញ្ជូនពលករកម្ពុជាទៅធ្វើការងារនៅរដ្ឋគុយវេតប្រមាណ៥ពាន់នាក់នៅឆ្នាំ២០១៩ខាងមុខ។
សម្តេចពញាចក្រីហេង សំរិនបានលើកឡើងថាផងដែរកម្ពុជានឹងធ្វើវិសោធន៍កម្មច្បាប់ស្តីពីការការងារដើម្បីហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈដល់ពលករកម្ពុជាមុននឹងអនុញ្ញាតិអោយពួកគេទៅធ្វើការងារនៅបរទេសដើម្បីជាប្រយោជន៍អោយទទួលបានប្រាក់ខែខ្ពស់ និងលក្ខ័ណ្ឌការងារល្អប្រសើរ។
ជាការឆ្លើយតបតលោកជំទាវ ហែន ស៊ូបៃ អាល់ ស៊ូបៃបានសន្យាជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋគុយវ៉ែតឲ្យមកវិនិយោគ និងធ្វើដំណើរកំសាន្តនៅកម្ពុជា ហើយលោកជំទាវ នឹងស្នើឲ្យរដ្ឋមន្ត្រីពាណិជ្ជកម្មគុយវ៉ែតមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីឈានទៅចុះកិច្ចព្រមព្រាងលើគម្រោងវិនិយោគនានា។ ប៉ុន្តែហ៊ានដំបូងកម្ពុជា និងគុយវ៉ែតបានឯកភាពគ្នាបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសគុយវេតប្រមាណ៥ពាន់នាក់សិនដើម្បីចូលរួមបង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាឲ្យមកនៅកម្រិតទាបផងដែរ៕